Social Network

នៅរសៀលថ្ងៃនេះលោក គឹម សុខ នឹងត្រូវនាំមកសាកសួរបន្ថែមទៀត​ នៅសាលាដំបូងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរលោក រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនសាកសួរបន្ថែម នេះបើតាមប្រភពីមន្រ្តីសាលាដំបូងរាជធានី ភ្នំពេញ។

 ការបង្គាប់ឲ្យនាំខ្លួនលោក គឺម សុខ ពីពន្ធនាគារព្រៃសរ មកកាន់សាលាដំបូងនេះជាលើកទី៣ ហើយបន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។ នៅក្នុងដំណាក់កាលសាកសួរបន្ថែមនេះ គេមិនអាចសុំការបញ្ជាក់ពីលទ្ធផលនៃចម្លើយផ្សេងៗពីលោក គឹម សុខ ដែលសួរដោយលោក ចៅក្រម រស់ ពិសិដ្ឋ បានទេក្នុងដំណាក់កាល ចំណាត់ការនីតិវិធីនេះ។

នៅក្នុងកំណ់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរថា៖ «សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គី តិច មេធាវីរបស់សម្តេច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោកបានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕

ដកស្រង់ពី៖FRESH NEW