Social Network

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់​ ដែលចូលស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ដប្រតិបត្តិឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់។

 លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដា្ឋនស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលបានដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ថា ការងារនេះក៏មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បើតាមប្រធាននាយកដ្ឋានរូបនេះ ការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសមានចំនួន០២គោលដៅ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៤នាក់ ស្រី០៣នាក់រួមមាន៖ គោលដៅទី១ ស្ថិតនៅភូមិមិត្តភាព ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ឃាត់បានចំនួន០៤នាក់ ស្រី០៣នាក់ និងគោលដៅទី២ ស្ថិតនៅហាងហ្វឺស្រីង៉ា និងហាងកាហ្វេង៉ុងង៉ឺង ស្ថិតនៅសង្កាត់ឬស្សីកែវ ឃាត់បានចំនួន១០នាក់ ស្រីម្នាក់ ពីបទលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៤នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបំពេញឯកសារចាត់ការតាមច្បាប់៕

ដកស្រង់ពី៖FRESH NEW