Social Network

ឃាត់ខ្លួនមន្ត្រី នគរបាលម្នាក់ ពីបទយកកាំភ្លើង ភ្ជង់ប្លន់លុយ ពីបុគ្គលិក កាស៊ីណូថ្មពេជ្រ

កណ្ដាល ៖ កម្លាំងនគរបាលស្រុកលើកដែក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាល ផ្នែក ស្រាវជ្រាវស៊ើបការក្រៅ និងបច្ចេកទេស ពីបទយកកាំភ្លើងភ្ជង់ប្លន់ លុយពីបុគ្គលិក កាស៊ីណូថ្មពេជ្រ តែ មិនបានសម្រេច ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២ និង១៥ នាទី រំលងអាធ្រាត ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុង ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។

 មន្ដ្រីនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរមន្ដ្រីនគរបាល តួនាទីនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស មាន ទីលំនៅសង្កាត់សែនសុខ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។

នគរបាលបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានអាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៌ស ស្នាប់ពណ៌ខ្មៅ ១ដើម មានលេខ ៥៥៥៩A1.USA., បង់២ មានគ្រាប់ ៩គ្រាប់, ខ្នោះដៃ១, ម៉ូតូម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ស្លែ ពាក់លេខភ្នំពេញ1AA-1509 ១គ្រឿង, រូបថតជន សង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ១០សន្លឹក, កាបូបស្ពាយពណ៌ ឈាម ជ្រូក១, ទូរសព្ទ័ដៃ ១គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ។

ប្រភពដដែលបន្ដថា នៅយប់កើតហេតុ ខណៈដែលបុគ្គលិកកាស៊ីណូ កំពុងតែរៀបចំទុក ដាក់សម្ភារ និងលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យ បានដើរមក សំដៅចូលក្នុងបន្ទប់សង្វៀនកាស៊ីណូដោយកាន់កាំភ្លើងខ្លី១ដើម ហើយស្រែកឲ្យបុគ្គលិក និងសន្ដិសុខ ដោយគម្រាមថា នៅឲ្យស្ងៀម ភ្លាមនោះបុគ្គលិក និងសន្ដិសុខកាស៊ីណូ បានឃើញហើយក៏ស្រែកថា ហ្អែងកុំចូលមក តែជនសង្ស័យមិនស្ដាប់នោះទេ រួចក៏បានលើក កាំភ្លើងខ្លីឡើងភ្ជង់សំដៅមកបុគ្គលិក និងសន្ដិសុខ ពេលនោះក្រុមសន្ដិសុខ និងបុគ្គលិកបាន នាំគ្នាព្រួតចាប់ ឈានដល់វាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យ សមត្ថកិច្ច ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាល ស្រុកដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល