Social Network

នគរបាលឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀន៤នាក់ និងរឹបអូសថ្នាំ២៨កញ្ចប់ធំ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ក្រុមជនសង្ស័យក្មេងចាស់ប្រុសស្រី៤នាក់ ដែលប្រកបរបរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបជាក់ស្តែង ដែលក្រុមជនសង្ស័យទាំងនោះ កំពុងលក់ដូរដោយធ្វើការរឹបអូសថ្នាំម៉ាទឹកកកចំនួន២៨កញ្ចប់ធំតូច។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំនុចបន្ទប់ជាន់ទី១ ផ្ទះលេខ១៨ ផ្លូវលំ ក្រុមទី២ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការការចុះបង្ក្រាបនេះដោយមានការ បញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ។ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១ ឈ្មោះ ជីម វាសនា អាយុ៣៨ឆ្នាំ មុខរបរបើកបរឡាន ស្នាក់នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ,ទី២.ឈ្មោះ តាន់ មិនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃកំបុត្រ សង្កាត់ចោមចៅទី២, ទី៣ ឈ្មោះ សេង ញ៉ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិកំបុត្រ សង្កាត់ចោមចៅទី២ និងទី៤ ឈ្មោះ រស់ សុភ័ក្រ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ កម្លាំងនគរបាល បានរឹបអូសបានវត្ថុតាងថ្នាំក្រាមសថ្លាប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ និងឧប្បករហ៍ ប្រើប្រាស់មួយចំនួនផងដែរ។

លោកអធិការរូបនេះ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងធ្វើការសាកសួរដោយស្រ្តីចំនួននាក់ មិនមានពាក់ព័ន្ធ និងករណីជួញដូរ ឬប្រើប្រាស់ឡើយ ហើយក៏បានដោះលែងស្រ្តីទាំង៣នាក់នោះឲ្យមានសេរីភាពវិញ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីចាស់ក្មេងទាំង៤នាក់ ត្រូវបានបញ្ជូនមកកាន់ផ្នែកទំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

ដកស្រង់ពី៖FRESH NEWS