Social Network

ខេម ចាន់ លើកឡើងក្រោយប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រថា ជី ឆៃលី ពិតជាល្អកណ្ដាប់ដៃ និងរស់រវើកមែន

ជើងខ្លាំងមកពីឆត្រយោង ៩១១ ខេម ចាន់ ថាកីឡាករ ជី ឆៃលី ពិតជាល្អកណ្ដាប់ដៃ និងរស់រវើកមែនសម្រាប់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ធ្វើឲ្យខ្លួនពិបាកយកឈ្នះស្ទើរចេញក្បាច់មិនទាន់។

កូនសិស្សលោកគ្រូ ហង់ សឿន ខាងលើនេះបានឲ្យដឹងថា វគ្គផ្ដាច់ព្រ័ត្រយកលេខ១-២ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ គឺពិតជាពិបាកមែនទម្រាំអាចឈ្នះពានមួយនេះ។ ជី ឆៃលី ដៃជើងរស់រវើកមែន ប៉ុន្តែដោយសារតែខ្លួនបានហ្វឹកហាត់ត្រៀមបានល្អ គឺបានពង្រឹងកម្លាំងឲ្យខ្លាំងជាងមុន ឲ្យរឹងជាងមុន ដើម្បីទប់ទល់និងកណ្ដាប់ដៃ ជាពិសេសឡាំជង្គង់។

អ្នកប្រដាល់ដើមកំណើតមកពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា សុំសរសើរកីឡាករ ជី ឆៃលី គឺពិតជាខំប្រឹង និងស៊ូខ្លាំងណាស់ បើទោះជាត្រូវនិងស្នៀតរបស់ខ្លួនច្រើន រួមទាំងបែកឈាមខ្លាំងបែបនេះនៅតែទឹកចិត្តមោះមុតប្រកួត តស៊ូរហូតចប់។

ខេម ចាន់ បញ្ជាក់ទៀតថា ដោយសារតែរូបគេមានប្រៀបជង្គង់ផង និងបានការប្រាប់ពីអ្នកឲ្យទឹកថា «វ៉ៃហើយ ចូលចាប់ឡាំជង្គង់ដឹងតែឈ្នះហើយ» ពេលធ្វើតាមដូចនេះទើបបានឱកាសឈ្នះវគ្គផ្ដាច់ព្រ័ត្រតែម្ដងទៅ។

រំលឹកដែរថា កីឡាករ ខេម ចាន់ ជាម្ចាស់ពានរង្វាន់ TV5 រដូវកាលទី៥ ទម្ងន់៥៤គីឡូក្រាម ដែលទើបនិងបញ្ចប់កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ២០១៩ ក្រោយរូបគេយកឈ្នះពិន្ទុកីឡាករ ជី ឆៃលី។ ម្ចាស់ពានរង្វាន់លេខ១ បានលើ ខេម ចាន់ លេខ២ បានលើ ជី ឆៃលី លេខ៣ ឡុង ណងសៅ និងលេខ៤ បានលើ លី តក់៕