Social Network

Martinez យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Barca នៅ​ឡើយ​និយាយ​ថ្លៃ​ជាមួយ Inter

ខ្សែប្រយុទ្ធ Lautaro Martinez ត្រូវបានគេដឹងថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Barcelona ហើយទទួលបានថ្លៃនឿយហត់ជាង២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។

យ៉ាងណា Inter Milan នឹងមិនអនុញ្ញាតឲ្យគេទៅឡើយ ប្រសិនបើតម្លៃខ្លួននៅក្រោម៩៨លានផោនដែលជាតម្លៃទិញផ្ដាច់កុងត្រា។ កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវបានទាក់ទងខ្លាំងក្នុងការផ្លាស់ទៅកីឡដ្ឋាន Nou Camp នៅប៉ុន្មានខែចុងក្រោយនេះ ហើយក៏បានប្រាប់ Inter ដែលថា គេចង់ចូលរួមជាមួយ Barca នៅរដូវក្ដៅនេះ។

ការសម្លឹងឃើញ Martinez សម្រាប់ Barcelona គឺចង់យកមកជំនួសកន្លែង Luis Suarez។ ប៉ុន្តែនាយកផ្នែកកីឡារបស់ក្លឹប Inter លោក Piero Ausilio បានប្រាប់ថា Martinez នឹងលក់ ប្រសិនបើបានតម្លៃខ្លួន៩៨លានផោន។

ខណៈ Barca មិនទាន់សម្រេចជោគជ័យក្នុងការចរចាតម្លៃខ្លួនជាមួយ Inter តែពួកគេបានឈានដល់ការយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករបាត់ទៅហើយ។ តាមការឲ្យដឹង Martinez បានយល់ព្រមសំណើកុងត្រារយយៈពេល៥ឆ្នាំ ជាមួយទឹកប្រាក់១០,៥លានផោនក្នុងមួយឆ្នាំ បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗទៀត៕