លោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅព្រឹកនេះ ថាក្រោយពីដឹកនាំក្រុមចាញ់ក្រុមខេត្តព្រៃវែងនៅវគ្គផ្ដាច់ព្រ័ត្រល្ងាចមិញមក លោកបានសម្រេចចិត្តលាឈប់ពីតំណែងហើយ។
ក្រុមខេត្តត្បូងឃ្មុំ ត្បិតតែបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រមែន ប៉ុន្តែអ្នកគាំទ្រពេញចិត្តចំពោះទម្រង់លេងរបស់ពួកគេយ៉ាងខ្លាំង។ ត្បិតតែមិនមានពេលគ្រប់គ្រាន់ដើម្បីប្រមូលផ្ដុំ ហើយប៉ះក្រុមព្រៃវែងដែលជាក្រុមមានយុវជនរបស់ក្លឹបអាជីពវិសាខាច្រើនមែន ប៉ុន្តែពួកគេអាចលេងបានយ៉ាងល្អ មិនចាញ់ប្រៀបក្រុមព្រៃវែងនោះទេ។
តែអ្វីគួរឱ្យស្ដាយនោះ ក្រុមការពារតំណែងជើងឯកមួយនេះ បានបរាជ័យក្នុងលទ្ធផល ១-០ ទៅហើយ។ ក្រោយពីបរាជ័យនេះទៅ នាព្រឹកនេះលោក ផន រស្មីពេជ្រ គ្រូបង្គោលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាលោកសម្រេចចិត្តលាឈប់ពីការងារនេះហើយដើម្បីជាការទទួលខុសត្រូវ។
ដោយឡែកលោកក៏មានការងារថ្មីមួយទៀតហើយដែរ។ លោក រស្មីពេជ្រ គឺជាគ្រូបង្វឹកល្អម្នាក់ ដោយកាលពីឆ្នាំមុនលោកបានជួយក្រុមខេត្តថ្មីមួយនេះ ឈ្នះពាន Hun Sen Cup ថ្នាក់ខេត្តផងដែរ៕