Social Network

គួច សុកុម្ភៈ ​យល់​ថា​ សមត្ថភាព​របស់​ ភ្នំពេញ​ក្រោន ប្រហាក់ប្រហែល​ ណាហ្គា

ប្រធានក្រុមរបស់ណាហ្គាវើល គួច សុកុម្ភៈ បានរៀបរាប់ក្នុងសន្និសីទកាសែតកាលពីម្សិលមិញនេះថា ក្រុមភ្នំពេញក្រោន មានសមត្ថភាពប្រហាក់ប្រហែល ណាហ្គាវើល ដែលនឹងប៉ះគ្នានៅរសៀលនេះក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup 2020 វេលាម៉ោង ៦:០០ នាទីនៅ ពហុកីឡដ្ឋានជាតិ ។

អតីតប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះពន្យល់ថា ក្នុងការប្រកួតលីគកន្លងមក ណាហ្គា ចាញ់ ភ្នំពេញក្រោន ដោយសារគ្មានសំណាង ព្រោះក្រុមបានបង្កើតឱកាសយ៉ាងច្រើន។

ទាក់ទងការប្រកួតនេះដែរ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាជឿជាក់លើកូនក្រុមគ្មានបញ្ហាក្នុងការប្រកួតទាំងកម្លាំង និងសមត្ថភាព ព្រមទាំងរំពឹងធ្វើបានល្អផងដែរ។ រំលឹកថា ក្រុមទាំងពីរប៉ះគ្នាកាល លីគកំពូល ២ ជើងគឺភ្នំពេញក្រោន ឈ្នះ ១-០ នៅជើងទី២ និងជើងទី១ ស្មើគ្នា១-១។

ក្រុមទាំងពីរប៉ះគ្នាចុងក្រោយនៅ Hun Sen Cup កាលឆ្នាំ២០១៧ ដែលពេលនោះ ណាហ្គាវើល ជាអ្នកទម្លាក់ភ្នំពេញក្រោនដោយលទ្ធផល ៣-១ ពីរជើង វគ្គ៨ក្រុមចុងក្រោយ៕