Social Network

កម្មវិធី​ «គុណ​តម្លៃ​អូឡាំពិក​» ជា​ផ្នែក​មួយជំរុញ​ឲ្យ​សិស្ស​ហាត់​កីឡា​

ឯកឧត្ដម វ៉ាត់ ចំរើន ថាកម្មវិធី «គុណតម្លៃអូឡាំពិក» ដែលបានធ្វើសកម្មភាពនានាតាមសាលាផ្សេងៗនេះ មិនត្រឹមតែជាការផ្សព្វផ្សាយពីគុណប្រយោជន៍ ចំណេះដឹងខាងផ្នែកអូឡាំពិកនោះទេ គឺបានរួមចំណែកបណ្ដុះចិត្តសិស្សឲ្យស្រឡាញ់ និងចាប់ហាត់កីឡា។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដោយសារមានអនុសាសន៍ពីអូឡាំពិកអន្តរជាតិ ឲ្យបន្តចុះផ្សព្វផ្សាយ អប់រំ ពីគុណតម្លៃ និងសារប្រយោជន៍តាមដែលអាចធ្វើទៅបានអំឡុងកូវីដ ដូច្នេះនៅចុងឆ្នាំ២០២០ នេះក្រុមការងារបានបន្តចេញសកម្មភាពតាមសាលានានាជាបន្តបន្ទាប់។

ការចុះទៅតាមសាលានានានៅកម្ពុជានេះគឺពិតជាមានសារសំខាន់ និងមានប្រយោជន៍ច្រើនមែនទៅដល់ពួកគេ ទី១ ជំរុញឲ្យគេចាប់លេងកីឡាដើម្បីមានសុខភាពល្អ ទី២ បណ្ដុះចិត្តស្រឡាញ់ចង់ហាត់កីឡាជំនាញណាមួយ។ ទី៣ ជាការបញ្ជ្រាបព័ត៌មានអំពីស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទី៤ ពីការរួមចំណែកសម្អាតទីក្រុងត្រៀមទទួលភ្ញៀវទេសចរណ៍នៅពេលព្រឹត្តិការណ៍មកដល់។

រំលឹកដែរថា កម្មវិធី «គុណតម្លៃអូឡាំពិក ឬ Sport For All» ដែលមានការចូលរួមពីឯកឧត្ដម វ៉ាត់ ចំរើន នេះធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល៕