Social Network

Di Maria ​បង្ខំ​ចិត្ត​ដូរ​ចេញ​រត់​ទៅ​ផ្ទះ ក្រោយ​ដឹង​ចោរ​ចូល​ផ្ទះ​លួច​របស់​

ខ្សែបម្រើ Angel di Maria ត្រូវបានប្ដូរចេញភ្លាមៗ ក្រោយពីលោក Mauricio Pochettino បានស្រែកប្រាប់ថាចោរបានចូលលួចរបស់ក្នុងផ្ទះរបស់គេ។

ក្រុម PSG នៅយប់មិញនេះលេងលីគកំពូលបារាំង បានបរាជ័យក្រោមថ្វីជើងក្រុម Nantes ក្នុងលទ្ធផល ២-១។ ដោយ Draxler ជាអ្នករកគ្រាប់បាល់ឱ្យ PSG បានមុននៅនាទី៤២ មុនពេលក្រុម Nantes ដាក់២គ្រាប់វិញ ដោយ Muani នាទី៥៩ និង Simon នាទី៧១។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះក្នុងការប្រកួតនេះ លោក Mauricio Pochettino អ្នកចាត់ការក្រុម PSG បានប្ដូរ Di Maria ចេញនៅនាទី៦២ ខណៈដែលរូបគេនៅលេងល្អនៅឡើយ។

អំឡុងពេលដូរចេញនោះ អ្នកចាត់ការ Pochettino បានប្រាប់ទៅ Maria ថាចោរបានចូលលួចក្នុងផ្ទះរបស់គេហើយ និងឱ្យប្រញាប់ទៅមើលថែគ្រួសារទៅ។ ភ្លាមនោះ កីឡាករអាហ្សង់ទីនក៏បានធ្វើដំណើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់និងចេញមុនការប្រកួតចប់ទៅ។

មិនត្រឹមតែ Di Maria ម្នាក់ទេ នៅយប់មិញនេះផ្ទះឪពុកម្ដាយរបស់ Marquinhos ខ្សែការពារក្រុម PSG ក៏ត្រូវបានចោរចូលលួចដូចគ្នា។ យ៉ាងណាមិញ កីឡាករប្រេស៊ីលរូបនេះមិនបានចេញពីការប្រកួតទេ ដោយលេងរហូតដល់ចប់តែម្ដង៕