Social Network

ក្លាយជាកីឡាករអាជីព សួន ចាន់ណារ៉ូ មិន​ភ្លេច​គុណបុរសម្នាក់នេះឡើយ

បច្ចុប្បន្ន សួន ចាន់ណារ៉ូ ជាកីឡាករបាល់ទះអាជីពរបស់ក្លឹបបាល់ទះវិសាខា។ ទម្រាំមានថ្ងៃនេះចាន់ណារ៉ូ បានហែលឆ្លងឧបសគ្គជាច្រើន ហើយគេក៏បង្ហាញការដឹងគុណដល់លោក សុង សុចិត្រា ហៅកុំកុំឬយន្តតាខ្មៅ ព្រោះបើគ្មានបុរសម្នាក់នេះ គេមិនអាចក្លាយជាអ្នកប៉ះសេអាជីពឡើយ។

អតីតកីឡាករក្លឹបបាល់ទះអង្គរក្សលោក សុង សុចិត្រា ជាមនុស្សដំបូងដែលបានណែនាំឱ្យ សួន ចាន់ណារ៉ូ ចូលហ្វឹកហាត់បាល់ទះនៅក្លឹបអាជីព គ្រាយុវជនរូបនេះដើរលេងបាល់ស៊ីលុយតាមភូមិស្រុក។

ត្រង់ចំណុចនេះអ្នកប៉ះសេជម្រើសជាតិកម្ពុជា បានទម្លាយឱ្យដឹងថា ៖«ដំបូងឡើយ ខ្ញុំទៅលេងបាល់នៅតារាងបាល់លេងស៊ីលុយធម្មតា (បង) ក៏បានជួបគាត់ គាត់ក៏បានទាក់ទងខ្ញុំឱ្យបានលេងនៅក្លឹបកងពល ហើយគាត់បានជួយបណ្ដុះបណ្ដាលជួយណែនាំប្រាប់ពីការហ្វឹកហាត់ កាលហ្នឹងបានជួបគាត់នៅតារាងភ្នំពេញថ្មី ខ្ញុំទៅតារាងស៊ីលុយធម្មតា ក៏ជួបគាត់ក៏បានយកខ្ញុំចូលរួមហ្វឹកហាត់ជាមួយកងពលធំអន្តរាគមន៍លេខ៣»។

បើតាមសម្ដីរបស់សួនចាន់ណារ៉ូ គេជួបលោក សុង សុចិត្រា នៅក្នុងឆ្នាំ២០១២ ដែលកាលនោះអតីតកីឡាករឆត្រយោង 911 ចាប់ផ្ដើមលេងធ្លាក់បន្តិចហើយ ប៉ុន្តែក្រញាំចាប់សេវារបស់លោកនៅតែល្អ។

តតីតកីឡាករក្លឹបកងពលលធំអន្តាគមន៍លេខ៣ បានសម្ដែងការដឹងគុណយ៉ាងដូច្នេះថា ៖«សម្រាប់ខ្ញុំ គឺខ្ញុំអរគុណគាត់ខ្លាំង ហើយខ្ញុំក៏មិនភ្លេចគាត់ដែរបងដល់សព្វថ្ងៃនេះ បើមិនបានរូបគាត់ ក៏ខ្ញុំមិនបានជាកីឡាករបាល់ទះអាជីពមួយរូបនៅក្លឹបវិសាខាដែរង ព្រោះដោយសារបានគាត់ គាត់បានជួយដាស់តឿន និងទូន្មានពីការហ្វឹកហាត់ និងការគោរពវិន័យ ខ្ញុំមិនភ្លេចគុណគាត់ទេ»។