ខ្សែប្រយុទ្ធ Eden Hazard បានចេញមុខសុំទោសអ្នកគាំទ្រ Real Madrid ទូទាំងពិភពលោក ក្រោយពីរូបគេបានសើចសប្បាយនៅពេលក្រុមធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ។
ការប្រកួតទល់ក្រុម Chelsea ម្សិលមិញនេះ ក្រោយពីចប់ការប្រកួតទៅ ក្រុម Real Madrid បានធ្លាក់ហើយ ប៉ុន្តែគេបែរជាឃើញកីឡាករ Hazard ដើរទៅសើចសប្បាយជាមួយអតីតមិត្តរួមក្រុមរបស់គេទៅវិញ។ ស្របពេលសមាជិកដទៃទៀតកំពុងបង្ហាញពីភាពមិនសប្បាយចិត្តដែលប្រកួតចាញ់។
ការណ៍នេះហើយ ទើបបានជាមានអ្នកគាំទ្រជាច្រើនបង្ហាញការមិនសប្បាយចិត្តនោះទេ ចំពោះកាយវិការរបស់កីឡាករបែលហ្សិកនេះ។ ដោយឡែកពេលនេះ សាមីខ្លួនបានចេញមុខសុំទោសហើយ។
Hazard បាននិយាយថា៖ “ខ្ញុំសុំទោស។ ខ្ញុំបានអានមតិជាច្រើនអំពីខ្ញុំនៅថ្ងៃនេះហើយវាមិនមែនជាចេតនារបស់ខ្ញុំក្នុងការធ្វើឱ្យអ្នកគាំទ្ររបស់ Real Madrid អាក់អន់ចិត្តនោះទេ”។
អតីតកីឡាករ Chelsea ដែលផ្ទេរទៅលេងនៅ Real Madrid ២រដូវកាលហើយនោះ បន្ថែមទៀតថា៖ “វាតែងតែជាសុបិន្តរបស់ខ្ញុំក្នុងការលេងឱ្យ Real Madrid ហើយខ្ញុំមកទីនេះដើម្បីឈ្នះ។ រដូវកាលមិនទាន់ចប់ហើយរួមគ្នាពេលនេះយើងត្រូវតែប្រជែងគ្នាសម្រាប់ La Liga [Santander] ។ ហាឡាម៉ាឌ្រីដ”៕