Social Network

Salah ដូច​ចង់​អស់​ចិត្ត​ពី​ជម្រើសជាតិ ក្រោយ​ចាញ់​ផ្ទួន​​ៗ​ក្នុង​វគ្គ​សំខាន់

ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបកីឡាករ Mohamed Salah បានបង្ហើបពាក្យហាក់ដូចជាអស់ចិត្តជាមួយជម្រើសជាតិ ក្រោយពួកគេធ្លាក់ចេញមិនបានទៅលេងនៅ World Cup ក្នុងប្រទេសកាតា។

អេហ្ស៊ីបបានប្រកួតចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Africa Cup of Nations កាលពីខែមុនដោយសារថ្វីជើងរបស់សេណេហ្គាល់។ ហើយចុងក្រោយនេះពួកគេបន្តចាញ់សេណេហ្គាល់ដដែលក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អាហ្រ្វិក ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

គ្រូរបស់អេហ្ស៊ីបលោក Carlos Queiroz បានចុះចេញពីតំណែង ក្រោយដឹកនាំក្រុមខកចិត្ត២លើកផ្ទួនៗ។ ជាមួយគ្នានេះខ្សែប្រយុទ្ធសំខាន់ Salah ក៏បង្ហាញអារម្មណ៍ដូចជាចង់ឈប់លេងឲ្យជម្រើសជាតិដូចគ្នា។

និយាយជុំគ្នាជាមួយមិត្តរួមក្រុមជម្រើសជាតិ Salah ថា៖ “ខ្ញុំពិតជាមានមោទកភាពដែលបានលេងជាមួយអ្នកទាំងអស់គ្នា ហើយអ្នកគឺជាកីឡាករដែលខំប្រឹងប្រែងបំផុតដែលខ្ញុំធ្លាប់លេងជាមួយ”។ “ខ្ញុំធ្លាប់លេងជាមួយកីឡាករជំនាន់មុនៗដូចជា Wael Gomaaនិង Mohamed Aboutrika បន្ទាប់មកជាមួយ Abdallah El-Said និងអ្នកជំនាន់បន្តបន្ទាប់។

ហើយខ្ញុំអាចនិយាយបានថា ខ្ញុំសប្បាយចិត្តជាមួយកីឡាករជំនាន់នេះ។ វាពិតជាមានកិត្តិយសដែលបានលេងជាមួយគ្រប់គ្នា ថ្វីបើពេលខាងមុខខ្ញុំនឹងអាចមានវត្តមាននៅទីនេះទៀតឬយ៉ាងណា”។

សម្ដី Salah។ Salah វ័យ២៩ឆ្នាំធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអេហ្ស៊ីប៨៤ប្រកួតរកបាន៤៧គ្រាប់ និងរងជើងឯក Africa Cup of Nations ២ដង(២០១៧និង២០២១)។ ក្រោយបញ្ចប់ភារកិច្ចជាមួយជម្រើសជាតិ គេនឹងត្រលប់មកជួយក្រុម Liverpool វិញក្នុងពេលឆាប់ៗខាងមុខ៕