Social Network

ព័រទុយហ្គាល់​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ Ronaldo ចង់​ដើរ​ចេញ​ឈប់លេង World Cup

សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ បានទាត់ចោលការចុះផ្សាយមួយចំនួនដែលថា Cristiano Ronaldo ចង់ដើរចេញពីក្រុមជម្រើសជាតិ ទាំងដែល World Cup កំពុងតែដំណើរការ។

ព័រទុយហ្គាល់បានបញ្ជាក់ច្បាស់ថា Ronaldo មិនដែលមានចេតនានៅពេលណាមួយ ក្នុងការដើរចេញពីក្រុមជម្រើសជាតិ អំឡុងពេលព្រឹត្តិការណ៍ World Cup កំពុងដំណើរការឡើយ។ Ronaldo មិនបានស្ថិតក្នុងជម្រើស ១១នាក់ដំបូងឡើយ ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយដែលកាលនោះព័រទុយហ្គាល់ត្រូវប៉ះជាមួយស្វ៊ីស។

ព័រទុយហ្គាល់បានលត់ស្វ៊ីសក្នុងលទ្ធផល ៦ ទល់នឹង ១។ បើទោះ Ronaldo បានចូលលេងនៅប្រមាណនាទី ៧០ ក៏ដោយ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំនេះ មិនបានរកគ្រាប់បានក្នុងប្រកួតនោះឡើយ។ សូមបញ្ជាក់ថា Ronaldo កម្របាត់មុខណាស់ពីជម្រើស ១១នាក់ដំបូង នៅពេលលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់។

កីឡាកររូបនេះ លេងឲ្យព័រទុយហ្គាល់ ១៩៥ លើក និងស៊ុតចូល ១១៨ គ្រាប់។ ការណ៍ដែល Ronaldo ត្រូវបានដាក់ជាកីឡាករបម្រុង ធ្វើឲ្យបណ្ដាសារព័ត៌មានជាច្រើនចាប់អារម្មណ៍រហូតដល់មានការផ្សាយពាក្យចចាមអារ៉ាមដែលថា Ronaldo ចង់ដើរចេញពីជម្រើសជាតិ ដែលធ្វើឲ្យសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ចេញមុខបំភ្លឺ និងទាត់ចោលតែម្ដង។ ព័រទុយហ្គាល់ត្រូវប៉ះជាមួយម៉ារុកក្នុងការប្រកួត World Cup វគ្គ ៨ ក្រុមចុងក្រោយ៕