Social Network

គ្រូ​អេស្ប៉ាញ Luis Enrique លា​លែង​ពី​តំណែង

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Luis Enrique បានលាលែងពីតំណែង ក្រោយក្រុមបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ World Cup។

អម្បាញ់មិញនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានប្រកាសថា លោក Luis Enrique បានចុះចែញពីតំណែង។ សហព័ន្ធបានថ្លែងអំណរគុណលោក ហើយជូនពរលោកឲ្យបានសំណាងក្នុងការងារបន្ទាប់។

គ្រូបង្វឹកក្រុម U21 អេស្ប៉ាញ លោក Luis de la Fuente ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមឈុតធំអេស្ប៉ាញជំនួសលោក Enrique។ លោក Enrique បានកាន់តំណែងជាគ្រូបង្វឹកក្រុមអេស្ប៉ាញចំនួន ២ លើក។

លើកទី ១ គឺពីខែកក្កដា ២០១៨ ដល់ខែមីនា ២០១៩។ លោកបានលាឈប់ ដោយហេតុផលផ្ទាល់ខ្លួន ក្រោយដឹកបាន ៨ ប្រកួតប៉ុណ្ណោះ។ លោកបានមកកាន់តំណែងនេះជាលើកទី ២ ពីខែវិច្ឆិកា ២០១៩ ដល់ខែធ្នូ ២០២២។

ក្នុងអំឡុងពេលកាន់តំណែងលើកទី ២ លោកដឹកបាន ៣៩ ប្រកួត ដោយឈ្នះ ២០ លើក ស្មើ ១៤ ដង ហើយចាញ់ ៥ ប្រកួត។ អេស្ប៉ាញបានចាញ់ម៉ារុកក្នុងវគ្គទាត់បាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ០ ក្រោយលេង ១២០នាទី បានត្រឹមលទ្ធផល ០-០។

កាលពីវគ្គ Group Stage អេស្ប៉ាញឈ្នះកូស្ដារីកា ៧ ទល់នឹង ០ ស្មើអាល្លឺម៉ង់ ១ ទល់នឹង ១ ហើយចាញ់ជប៉ុនក្នុងលទ្ធផល ១ ទល់នឹង ២៕