Social Network

Man Utd នឹង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​នៅ​ខែ​មករា​ខាង​មុខ

អ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បាននិយាយថា ក្លឹបនឹងនាំចូលខ្សែប្រយុទ្ធនាខែមករាខាងមុខ។

លោក Ten Hag បានប្រាប់អ្នកកាសែតថា ក្លឹបនឹងផ្ទេរចូលខ្សែប្រយុទ្ធម្នាក់ ហើយខ្សែប្រយុទ្ធនោះត្រូវតែជាកីឡាករដែលស័ក្ដិសម ហើយលេងត្រូវបានប្រព័ន្ធទម្រង់លេងរបស់លោក។ លោកបន្ថែមទៀតថា ក្លឹបកំពុងសិក្សាស្រាវជ្រាវរកផ្ទេរចូលខ្សែប្រយុទ្ធនោះ។

ពេលដែលសួរដោយអ្នកសារព័ត៌មានថា ក្លឹបនឹងទិញខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ឬខ្សែប្រយុទ្ធហុល្លង់ Cody Gakpo លោក Ten Hag ឆ្លើយយ៉ាងខ្លីថា លោកមិនឆ្លើយពាក់ព័ន្ធកីឡាករណាដែលកំពុងជាប់កុងត្រានៅក្លឹបផ្សេងឡើយ។

ការប្រកាសរបស់លោក Ten Hag ធ្វើឡើងតែប្រមាណប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយខ្សែប្រយុទ្ធ Cristiano Ronaldo និងក្លឹបបិសាចក្រហមបានសម្រេចចែកផ្លូវគ្នា។ ក្រោយ Ronaldo បានចាកចេញ មានពាក្យចចាមអារ៉ាមជាច្រើននៅមជ្ឈដ្ឋានបាល់ទាត់អង់គ្លេសដែលបានអះអាងថា Manchester United កំពុងចែចូវចង់ផ្ទេរខ្សែប្រយុទ្ធឡើងជើង Ramos ឬ Gakpo។

Goncalo Ramos គឺជាខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ២១ ឆ្នាំ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica។ Ramos បានស៊ុតចូល ៣ គ្រាប់ និងបញ្ជូនបាល់ស៊ុតបានសម្រេចចំនួន ១គ្រាប់ ក្នុង ៤ ប្រកួតនៃ World Cup ឆ្នាំនេះ។

ដោយឡែក Cody Gakpo គឺជាកីឡាករប្រយុទ្ធស្លាបហុល្លង់វ័យ ២៣ ឆ្នាំ ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSV។ កីឡាកររូបនេះស៊ុតចូល ៣គ្រាប់ ក្នុង ៥ ប្រកួតក្នុងព្រឹត្តិការណ៍ World Cup លើកនេះ៕