Social Network

គ្រូ Al-Nassr កំប្លែង​លេង​ថា លោក​ចង់​បាន Messi មុន​នឹង​យក​ Ronaldo

លោក Rudi Garcia គ្រូបង្គោលក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានកំប្លែងលេងនៅក្នុងសន្និសីទកាសែតនៃការចុះកុងត្រាជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ថា លោកចង់ចុះកុងត្រាយកខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ភ្លាមៗ ក្រោយអាហ្សង់ទីនឈ្នះពាន World Cup នៅប្រទេសកាតា។

ក្រោយពេលដែលអ្នកកាសែតសួរសំណួរពាក់ព័ន្ធនឹងការចុះកុងត្រាយក Ronaldo បុរសជនជាតិបារាំងរូបនេះបានលើកឡើងថា៖ «ដំបូងខ្ញុំព្យាយាមយក Messi ពីទីក្រុងដូហាតែម្ដង»។ និយាយបានមួយឃ្លា លោកក៏ផ្ទុះសំណើចនៅក្នុងវេទិកាតែម្ដង។

លោក Garcia បានទម្លាយថា លោកជាអ្នកគាំទ្រមួយរូបរបស់ Messi។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca។ ទោះជាបែបនេះក្ដី លោកក៏ធ្លាប់និយាយប្រាប់សារព័ត៌មាន AS ថា លោកនឹងសប្បាយចិត្តក្នុងការបង្វឹកកីឡាករល្អៗដូចជា Ronaldo។

គ្រូបង្វឹកជនជាតិបារាំងរូបនេះទើបតែមកដល់ Al-Nassr កាលពីខែមិថុនា ឆ្នាំមុននេះទេ។ លោកធ្លាប់មានប្រវត្តិដឹកនាំក្លឹបអ៊ីតាលី Roma និងក្លឹបបារាំង Marseille និង Lyon។ លោកអះអាងថា លោកក៏ប៊ិះទៅដឹកនាំក្លឹប Manchester United ផងដែរ មុនពេលដែលបិសាចក្រហមរើសយកលោក Ralf Ragnick កាលពីឆ្នាំ២០២១៕