Social Network

សារព័ត៌មាន​ព័រទុយហ្គាល់៖ Ronaldo ផ្លាស់ប្ដូរ​ភ្នាក់ងារ​របស់​ខ្លួន ក្រោយ​មិន​ត្រូវ​គ្នា​ជាមួយ​ភ្នាក់ងារ​ចាស់

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានផ្លាស់ប្ដូរភ្នាក់ងារចាត់ចែងរឿងកុងត្រា និងផ្លូវច្បាប់នានារបស់ខ្លួន ក្រោយពីកីឡាកររូបនេះមានជំហរមិនត្រូវរ៉ូវគ្នាជាមួយនឹងលោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Ronaldo អស់រយៈពេលជាង ២០ឆ្នាំមកហើយ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានព័រទុយហ្គាល់ Publico។ប្រភពខាងលើបានឱ្យដឹងថា លោក Mendes មិនចង់ឱ្យ Ronaldo និយាយក្នុងបទសម្ភាសន៍ជាមួយនឹងលោក Pier Morgan ឡើយ ដោយសារតែលោកគិតថា ការជីកកកាយរឿងរ៉ាវជាមួយក្លឹប Manchester United ដូច្នេះធ្វើឱ្យ Ronaldo បាត់បង់ចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប។

យ៉ាងណាមិញ Ronaldo នៅតែនិយាយក្នុងបទសម្ភាសន៍នេះដដែល។ ការណ៍នេះហើយធ្វើឱ្យអ្នកទាំងពីរបានចែកផ្លូវគ្នា។

ក្រោយពីចែកផ្លូវពីលោក Mendes លោក Ronaldo បានសម្រេចចិត្តជ្រើសយកលោក Ricky Regufe ដែលជាជនជាតិព័រទុយហ្គាល់ ធ្វើជាភ្នាក់ងារចាត់ចែងកិច្ចការរបស់ខ្លួន ជាពិសេសលើការរៀបចំកុងត្រាជាមួយនឹងក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។

លោក Regufe នេះត្រូវបានគេស្គាល់ថាជាមិត្តជិតស្និទ្ធរបស់ Ronaldo តាំងពីឆ្នាំ២០១៨។ បុរសរូបនេះធ្លាប់ធ្វើជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនសម្ភារៈកីឡា Nike មុននឹងស្គាល់ Ronaldo៕