Social Network

Juventus នៅ​សុខៗ​ត្រូវ​បាន​កាត់ ១៥ពិន្ទុ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ចំណោម​ពិភព​បាល់ទាត់

ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីប្រកាសពិន័យឱ្យកាត់ ១៥ពិន្ទុ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់អាជ្ញាធរបាល់ទាត់អ៊ីតាលីរកឃើញថា ក្លឹបមួយនេះមានភាពមិនប្រក្រតីផ្នែកគណនេយ្យ និងហិរញ្ញវត្ថុអំឡុងឆ្នាំ២០១៩-២០២១។

ក្លឹប Juventus ធ្លាក់ពីលេខ ៣ ដល់លេខ ១០ ដែលធ្វើឱ្យក្លឹបនេះឃ្លាតឆ្ងាយពីកំពូលតារាងរហូតដល់ទៅ ២៧ពិន្ទុ។ ខាងបាល់ទាត់អ៊ីតាលីរកឃើញថា Juventus បំប៉ោងចំណូលរបស់ខ្លួន តាមរយៈការក្លែងបន្លំទីផ្សារនៃការទិញ-លក់កីឡាករ នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការបំប៉ោងចំណូលនេះ ជាបទល្មើសនៃក្រឹត្យក្រម Fair Play បែបហិរញ្ញវត្ថុរបស់សហព័ន្ធនៃសមាគមបាល់ទាត់អឺរ៉ុប UEFA។ បើតាមច្បាប់ខាងលើនេះ ខាងអាជ្ញាធរបាល់ទាត់ចង់ទប់ស្កាត់កុំឱ្យក្លឹបនានាចំណាយ លើសពីចំណូល ដែលជាការប៉ះពាល់ដល់និរន្តរភាពរបស់ក្លឹប ក៏ដូចជាធ្វើយ៉ាងណាឱ្យក្លឹបតូចៗអាចចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ជាមួយក្លឹបអ្នកមានៗផងដែរ។

សហព័ន្ធបាល់ទាត់អ៊ីតាលីនឹងចុះផ្សាយមូលហេតុពិតប្រាកដនៅពីក្រោយការកាត់សេចក្ដីនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាននានា ខាងអាជ្ញាធរបាល់ទាត់អ៊ីតាលីបានធ្វើការស៊ើបអង្កេតក្លឹប Juventus អស់ច្រើនខែមកហើយ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំក្លឹប Juventus ដោយរួមទាំងប្រធានក្លឹបផងនោះបានដាក់ពាក្យលាលែងចេញពីតំណែង បន្ទាប់ពីលេចរឿងអាស្រូវនេះឡើង។

យ៉ាងណាមិញ អាជ្ញាធរបាល់ទាត់អ៊ីតាលីក៏ដាក់បម្រាមហាមមិនឱ្យអតីតថ្នាក់ដឹកនាំ Juventus មួយចំនួនពាក់ព័ន្ធជាមួយបាល់ទាត់រយៈពេលរាប់ឆ្នាំ។ ខាង Juventus គ្រោងនឹងដាក់ពាក្យបណ្ដឹងតវ៉ានឹងចំណាត់ការនេះ។

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០០៦ Juventus ត្រូវបានទម្លាក់ឱ្យទៅលេងនៅលីគទី២ អ៊ីតាលី ក្រោយអាជ្ញាធររកឃើញថា ក្លឹបនេះពាក់ព័ន្ធនឹងការរៀបចំការប្រកួតទុកជាមុន៕