Social Network

បិសាច​ក្រហម​កំពុង​ដេញ​ថ្លៃ​ទិញ​អ្នក​ចាំ​ទី​ថ្មី

ក្លឹប Manchester United បាននិងកំពុងដេញថ្លៃទិញអ្នកចាំទី Andre Onana ពីក្លឹបអ៊ីតាលី Inter Milan។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។

បិសាចក្រហមនឹងបន្តដំឡើងទំហំទឹកប្រាក់ដេញថ្លៃផ្ទេរយកអ្នកចាំទីកាមេរ៉ូនវ័យ ២៧ ឆ្នាំ។ រឿងនេះបានកើតឡើងបន្ទាប់ពីការដេញថ្លៃលើកទីមួយ ក្នុងតម្លៃប្រមាណ ៤៥ លានអឺរ៉ូ ត្រូវបានបដិសេធដោយក្លឹប Inter Milan។ បើតាមរបាយការណ៍ចុងក្រោយមួយចំនួន ក្លឹបអ៊ីតាលីចង់បានពីបិសាចក្រហមប្រមាណ ៦០ លានអឺរ៉ូ។

Onana បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប Inter Milan ក្នុងរដូវកាល ២០២២/២០២៣ ហើយជួយក្លឹបឈ្នះពាន Coppa Italia ព្រមទាំងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ទៀតផង។

បើសិនជាការផ្ទេរនេះត្រូវបានធ្វើឡើងជោគជ័យមានន័យថា អនាគតរបស់អ្នកចាំទីចាស់វស្សា David De Gea ដែលចាំទីមួយឲ្យក្លឹបតាំងពីឆ្នាំ ២០១១ មក ស្ថិតក្នុងភាពមិនច្បាស់លាស់។

អ្នកចាំទីអេស្ប៉ាញបានចំណាយពេលប្រមាណ ១២ ឆ្នាំលេងឲ្យក្លឹប ដែលមួយផ្នែកធំនៃឆ្នាំនោះគឺជាកំឡុងពេលដ៏លំបាកមួយសម្រាប់បិសាចក្រហម។ បច្ចុប្បន្ន De Gea និងក្លឹប Manchester United កំពុងចរចាកុងត្រាថ្មី ដោយក្លឹបចង់បញ្ចុះបញ្ចូលកីឡាករអេស្ប៉ាញវ័យ ៣២ ឆ្នាំឲ្យនៅរួមរស់ជាមួយក្លឹបបន្តទៀត៕