Social Network

Real Madrid ប្រមាញ់​បាន​កីឡាករ​យុវជន​ឆ្នើម​វ័យ ១៨ ឆ្នាំ

ក្លឹប Real Madrid ធ្វើបានសម្រេចក្នុងការត្រៀមផ្ទេរចូលកីឡាករយុវជនវ័យ ១៨ ឆ្នាំ Arda Guler ពីក្លឹបទួរគី Fenerbahce ក្នុងតម្លៃប្រមាណ ២០ លានអឺរ៉ូ។

យោងតាម Fabrizio Romano ក្លឹប Real Madrid កំពុងកក់ពេលពិនិត្យសុខភាពសម្រាប់ខ្សែបម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិទួរគី Guler ក្នុងថ្ងៃនេះ។ បើមិនមានបញ្ហាអ្វីទេ ក្លឹបនឹងប្រកាសការផ្ទេរនេះជាសាធារណៈនាពេលឆាប់ៗនេះ។ កីឡាករទួរគីនឹងចុះកុងត្រារយៈពេល ៦ ឆ្នាំ ជាមួយក្លឹបយក្សអេស្ប៉ាញ។

Guler កើតឆ្នាំ ២០០៥ គឺជាកីឡាករវ័យក្មេងម្នាក់ទៀតដែល Real អាចប្រមាញ់បាន។ កីឡាកររូបនេះបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ឲ្យ Fenerbahce កាលពីរដូវកាលកន្លងទៅ ដោយលេងដល់ទៅ ៣៥ ប្រកួត និងស៊ុតចូល ៦ គ្រាប់។

មួយរយៈចុងក្រោយ Real Madrid បានធ្វើបានយ៉ាងល្អក្នុងការប្រមាញ់កីឡាករវ័យក្មេងឆ្នើមៗ ហើយបណ្ដុះពួកគេឲ្យក្លាយសុទ្ធតែជាកីឡាករល្អលំដាប់ពិភពលោក។

កីឡាករដែលលេចធ្លោមួយចំនួនរួមមាន ខ្សែស្លាប Vinicius Jr ខ្សែស្លាប Rodrygo និងខ្សែបម្រើ Eduardo Camavinga ដែលសុទ្ធសឹងជាកីឡាករវ័យក្មេង តែបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Real Madrid៕