Social Network

ក្លឹបអ្នកមានបារាំង Paris Saint-Germain ទិញបានខ្សែបម្រើជម្រើសជាតិ កូរ៉េខាងត្បូង Lee Kang-in

ក្លឹបអ្នកមានបារាំង Paris Saint-Germain បានចុះកុងត្រាទិញយកកីឡាករកូរ៉េខាងត្បូង Lee Kang-in ពីក្លឹប Real Mallorca។

ខ្សែបម្រើវ័យ ២២ឆ្នាំ Lee Kang-in បានចំណាយពេល ២ឆ្នាំលេងនៅទឹកដីអេស្ប៉ាញ មុនពេលផ្ទេរមកទឹកដីបារាំង ដោយបានចុះកុងត្រារយៈពេល ៥ឆ្នាំលេងឱ្យ Paris Saint-Germain។

កីឡាករកូរ៉េខាងត្បូងរូបនេះ ជាកីឡាករទី ៤ហើយ ដែលក្លឹបជើងឯកបារាំង ចុះកុងត្រាទិញយកនៅក្នុងទីផ្សារដោះដូរកីឡាកររដូវកាលក្តៅនេះ។ កីឡាករ ៣រូបផ្សេងទៀតដែល PSG ចុះកុងត្រាយកមករួមក្រុមរួមមានខ្សែបម្រើ Manuel Ugarte ខ្សែការពារ Milan Skriniar និង ខ្សែប្រយុទ្ធ Marco Asensio។

បន្ទាប់ពីបានចុះកុងត្រាជាមួយ PSG ហើយ កីឡាករ Lee Kang-in បាននិយាយថា “វាពិតជាពិសេសណាស់ដែលខ្ញុំអាចចូលរួមលេងឱ្យ Paris Saint-Germain។ នេះជាក្លឹបធំមួយ ដែលប្រមូលផ្តុំទៅដោយកីឡាករអស្ចារ្យជាច្រើននៅលើពិភពលោក ហើយខ្ញុំពិតជាចង់ចាប់ផ្តើមដំណើរផ្សងព្រេងនេះឆាប់ៗណាស់”។

Lee Kang-in ក៏បានចូលរួមលេងឱ្យជម្រើសជាតិកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ផងដែរ ដែលកាលណោះ ជម្រើសជាតិកូរ៉េខាងត្បូងធ្លាក់នៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ ជម្រើសជាតិប្រេស៊ីល ក្នុងលទ្ធផល ៤ ទល់ ១៕