Social Network

Messi បង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ Inter Miami ក្រោមក្រសែភ្នែកអ្នកគាំទ្រ ២មុឺននាក់

កីឡាករ Lionel Messi ត្រូវបានប្រកាស និង បង្ហាញជាកីឡាកររបស់ក្លឹប Inter Miami ជាផ្លូវការហើយ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ២០០០០នាក់ នៅកីឡដ្ឋាន DRV PNK។

Messi បានចុះកុងត្រាជាមួយក្លឹប Inter Miami រហូតដល់ឆ្នាំ ២០២៥។ នៅទីនោះរូបគេនឹងបានលេងជាមួយដៃគូចាស់កាលនៅ Barcelona គឺខ្សែការពារ Sergio Busquests ដែលកីឡាកររូបនេះក៏ចុះកុងត្រាជាមួយ Inter Miami ដល់ឆ្នាំ២០២៥ផងដែរ។ គួរឱ្យដឹងថា Messi បានចាកចេញពី Barcelona ទៅចូលរួមជាមួយក្លឹប PSG នៅលីកកំពូលបារាំង មុនសម្រេចចិត្តមកលេងនៅសហរដ្ឋអាមេរិក។

ទៅដល់ទឹកដីអាមេរិក Messi បាននិយាយថា “ខ្ញុំពិតជាចង់ចាប់ផ្តើ់មធ្វើការហ្វឹកហាត់ខ្លាំងណាស់។ ខ្ញុំមានចំណង់ដដែល ដូចដែលខ្ញុំធ្លាប់ធ្វើ គឺចង់ឈ្នះ ចង់ជួយក្លឹបដើម្បីបន្តរីកចម្រើនទៅមុខ”។

កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន របស់ក្លឹប Inter Miami និងត្រូវបានគេដាក់ហៅថា “កីឡាករលេខ១០ របស់អាមេរិក កីឡាករលេខ១០ល្អបំផុតលើលោក”៕