Social Network

Ten Hag ដក​ហូត​តំណែង​ប្រធាន​ក្រុម​បិសាច​ក្រហម​ពី Maguire

លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បានសម្រេចដកហូតតំណែងប្រធានក្រុមបិសាចក្រហមពីខ្សែការពារ Harry Maguire។ នេះបើតាមការទម្លាយព័ត៌មានពីសំណាក់កីឡាករផ្ទាល់លើបណ្ដាញសង្គម។

តាមរយៈទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន កីឡាករសញ្ជាតិអង់គ្លេស Maguire បានឲ្យដឹងថា លោក Ten Hag បានដកតួនាទីប្រធានក្រុមពីខ្លួនហើយ។ យោងតាមសារដដែល Maguire បង្ហាញក្តីខកចិត្តចំពោះការបាត់បង់តំណែង តែសន្យាថានឹងខំប្រឹងប្រែងជួយ Man Utd តាមលទ្ធភាពដែលអាចធ្វើបាន។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បាននិយាយថា ពិតជាមានកិត្តិយស និងមោទនភាពដែលបានធ្វើប្រធានក្រុម Manchester United រយៈពេលជាង ៣ ឆ្នាំកន្លះកន្លងមក។ កីឡាករដដែលក៏បានអរគុណអតីតអ្នកចាត់ការបិសាចក្រហម លោក Ole Gunnar Solskjaer ដែលបានទុកចិត្តហើយផ្តល់តំណែងប្រធានក្រុមឲ្យខ្លួន។

Maguire សូមជូនពរកីឡាករណាដែលនឹងធ្វើប្រធានក្រុមថ្មីនូវជោគជ័យក្នុងភារកិច្ចមួយនេះ។ មិនទាន់មានរបាយការណ៍ដែលអាចបញ្ជាក់ថា កីឡាករណាជាប្រធានក្រុមថ្មីជាផ្លូវការនៅឡើយទេសម្រាប់ Manchester United។ បេក្ខភាពនាំមុខត្រូវបានរាយការណ៍ថាគឺខ្សែបម្រើ Bruno Fernandes។

Maguire បានចូលរួមជាមួយ Man Utd កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃប្រមាណ ៨០ លានផោន ដែលជាតម្លៃមួយដ៏ថ្លៃសម្រាប់ការផ្ទេរខ្សែការពារ។ កំណត់ត្រានេះធ្វើឲ្យ Maguire ស្ថិតក្នុងចំណោមកីឡាករអង់គ្លេសដែលដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។

គិតមកទល់ពេលនេះ កីឡាករលេងបានសរុប ១៧៥ ប្រកួត និងស៊ុតចូល ៧គ្រាប់។ កីឡាកររូបនេះធ្លាប់ជាកីឡាករបង្គោលរបស់បិសាចក្រហមកាលដែលមកចូលលេងឲ្យក្លឹប ២-៣ឆ្នាំដំបូង។

ទោះជាយ៉ាងណា តាំងពីលោក Erik Ten Hag មកដឹកនាំ Manchester United កាលពីឆ្នាំមុន ខ្សែការពាររូបនេះ បន្តិចម្ដងៗបានបាត់បង់តំណែងបង្គោលរបស់ខ្លួន ហើយក្លាយជាកីឡាករបម្រុងរបស់ក្លឹប។

មជ្ឈដ្ឋានបាល់ទាត់មួយចំនួនយល់ថា Maguire បានធ្លាក់ទម្រង់លេងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបង្កើតកំហុសមិនចាំបាច់ជាច្រើននៅពេលការពារដែលប៉ះពាល់ដល់លទ្ធផលក្រុម។ ការដកតំណែងប្រធានក្រុមនេះ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនថា Maguire អាចនឹងចេញពីក្លឹបនៅទីផ្សាររដូវក្ដៅនេះ។

នេះមិនមានពាក្យចចាមអារ៉ាមថ្មីនោះទេ។ របាយការណ៍ចុងក្រោយមួយចំនួនបានអះអាងថា Man Utd ហ៊ានទាំងឲ្យ Maguire រហូតដល់ ១០ លានផោន បើសិនកីឡាករនេះសម្រេចចេញពីក្លឹប។ ទោះជាយ៉ាងណា មិនទាន់មានការចុះផ្សាយណាមួយអាចបញ្ជាក់ថាតើ Maguire សម្រេចយ៉ាងណាទេទាក់ទិននឹងសំណើនេះ៕