Social Network

Son បដិសេធ​មិន​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​

ខ្សែប្រយុទ្ធ Son Heung Min បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះដោយធ្វើការបដិសេធមិនទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតនោះទេ ព្រោះតែ Premier League នៅតែជាជម្រើសដែលគេចង់បាន។

Son បាននិយាយថា៖" កីឡាករជាច្រើនកំពុងចាប់អារម្មណ៍ផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ដែលនេះគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍មែនទែន យ៉ាងណាសម្រាប់ខ្ញុំផ្ទាល់ Premier League នៅតែជាក្ដីសុបិនរបស់ខ្ញុំ ខ្ញុំនៅតែចង់លេងនៅទីនេះ ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់រដូវកាលនេះ "។

កីឡាករនេះបន្តថា៖" កាលពីរដូវកាលមុន ខ្ញុំមានរបួសកាយសម្បទាមួយចំនួន អញ្ចឹងហើយនៅក្នុងរដូវកាលថ្មីនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំជា Son ដែលអ្នកទាំងអស់គ្នាបានស្គាល់ "។

នៅក្នុងឆ្នាំនេះ ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតបានធ្វើការវិនិយោគជាច្រើនទៅលើវិស័យបាល់ទាត់ ដោយបានទិញយកកីឡាករអឺរ៉ុបល្បីៗជាច្រើនដូចជា Ronaldo, Benzema និង Kante ជាដើម៕