Social Network

ទោះ​ចេញ​ពី​ទ្វីប​អឺរ៉ុប Ronaldo នៅ​បន្ត​ចង់​ជួយ​ព័រទុយហ្គាល់​ក្នុង​ព្រឹត្តិការណ៍ Euro 2024

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនចង់បន្តលេងឱ្យក្រុមជម្រើសជាតិបន្តទៅទៀត សម្រាប់ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបឆ្នាំ២០២៤។

Ronaldo ធ្លាប់ជួយព័រទុយហ្គាល់ឱ្យឈ្នះពាន UEFA Euro កាលពីឆ្នាំ២០១៦ កន្លងទៅ។ នៅពេលសាកសួរអំពីអនាគតនៅក្រុមជម្រើសជាតិ កីឡាករលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីតរូបនេះបានលើកឡើងថា៖ «ខ្ញុំតែងតែចង់បង្កើតស្នាដៃ និងបង្ហាញពីសមត្ថភាព...។ សមត្ថភាព និងស្នាដៃទាំងនោះបង្ហាញថា ខ្ញុំអាចក្លាយជាគំរូនៃភាពគង់វង្សយូរអង្វែង ដោយនៅអាយុ ៣៨ឆ្នាំកន្លះ ខ្ញុំគិតថា ខ្ញុំនឹងធ្វើនូវរឿងដ៏គួរឱ្យចាប់អារម្មណ៍»។

«តើខ្ញុំត្រូវធ្វើអីខ្លះ? រកគ្រាប់បាល់ Assist ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិ ព្រមទាំងជួយឱ្យក្រុមជម្រើសជាតិធ្វើបានល្អនៅវគ្គជម្រុះ ជួយក្រុមឱ្យទទួលបានលទ្ធផលល្អនៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ក៏ដូចជាបន្តធ្វើអ្វី ដែលខ្ញុំបានធ្វើក្នុងអាជីពបាល់ទាត់ ២១ឆ្នាំរបស់ខ្ញុំ»។

នេះជាការបន្ថែមរបស់ Ronaldo។ សូមជម្រាបផងដែរថា Ronaldo បានចេញមុខមាត់នៅក្នុងពិភពបាល់ទាត់ដំបូងនៅឆ្នាំ២០០៣ ដោយចាកចេញពីព័រទុយហ្គាល់ ហើយស្វែងរកភាពជោគជ័យនៅអង់គ្លេស។

កីឡាកររូបនេះកំពុងតែលេងនៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ចាប់តាំងពីដើមឆ្នាំ២០២៣នេះ។ Ronaldo បានចូលលេងឱ្យក្រុមព័រទុយហ្គាល់តាំងពីឆ្នាំ២០០៣ ដោយចាប់ពីពេលនោះមក កីឡាកររូបនេះរកបាន ១២៣គ្រាប់ និងបង្ហាញខ្លួនបាន២០០ប្រកួត៕