Social Network

ចាន់ វឌ្ឍនាកា ជួយបឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រ ស្របពេលជប៉ុន ចង់បានខ្លាំង

ភ្នំពេញ៖  ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បានជួយក្រុមបាល់ទាត់ តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ ឲ្យឡើង វគ្គផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship ជាបន្ដ បន្ទាប់ពីរកបាន ៣គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះលើ ក្រុមជើងឯក លីកកំពូលវៀតណាម Becamex Binh Duong ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៥ម្សិលមិញ នៅលើទឹកដីម្ចាស់ផ្ទះ វៀតណាម ។

ស្របពេលព័ត៌មាននៃការចង់បាន ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរបស់បឹងកេតខាងលើ ទៅលេងនៅលីកជប៉ុន កំពុងទទួល បានការចាប់អារម្មណ៍ខ្លាំងនោះ ឥលូវនេះ ចាន់ វឌ្ឍនាកា បានបន្ថែមនូវភាពភ្ញាក់ផ្អើល ដ៏អស្ចារ្យទៀតហើយ ដោយ ការធ្វើបាន Hat-Trick ចំនួន ៣គ្រាប់ម្នាក់ឯង ទៅលើក្រុមជើងខ្លាំងវៀតណាម ដែលជាអតីតម្ចាស់ពាន TOYOTA Mekong Club Championship កាលពីឆ្នាំ២០១៤កន្លងទៅ ។

ជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខាងលើនេះ តង់ទី១ រយៈពេល ១៣នាទីដំបូង ក្រុមម្ចាស់ផ្ទះ Becamex Binh Duong បានទទួលគ្រាប់បាល់ នាំមុខមុន ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Nsi Amougou ប៉ុន្ដែនៅនាទីទី៤០ ចាន់ វឌ្ឍនាកា បានជួយក្រុមតំណាងប្រទេស ខ្លួនតាមស្មើវិញ ១-១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ។ លុះចូល តង់ទី២ តារាបាល់ទាត់វ័យក្មេង កម្ពុជារូបនេះ បានបន្ថែម ២គ្រាប់ទៀត ធ្វើសម្រេចនៅនាទីទី៥៤ និងទី៨០ មុននឹង ក្រុមម្ចាស់ផ្ទះវាយបកបាន ១គ្រាប់ចុងក្រោយ ដោយកីឡាករ Nguyen Anh Doc  នៅនាទីទី៨៩ ធ្វើឲ្យចប់ការប្រកួត ក្រុមបឹងកេត ឈ្នះ ៣-២ តែម្ដង ។

សម្រាប់ជ័យជម្នះ ដ៏អស្ចារ្យនេះ បានជួយក្រុមបឹងកេត ឲ្យបន្ដដំណើរ ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមជើងឯក លីកកំពូលថៃ Buriram United នៅថ្ងៃទី២០ ខែធ្នូខាងមុខ នៅលើទីលាននៃទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រជែង តំណែងជើងឯក នៃពានរង្វាន់អនុតំបន់ ទន្លេមេគង្គខាងលើ ។

ងាកមកចាប់អារម្មណ៍ ជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា វិញ ខណៈនេះរូបគេ កំពុងត្រូវបានភ្នាក់ងារ ដោះដូរកីឡាកររបស់ជប៉ុន ទាក់ទងចង់បានទៅលេង នៅលីកជប៉ុន តែមិនទាន់ដឹងក្លឹបណា ឬលីកកម្រិតណា នោះទេ ។ ជាមួយនឹងការបង្ហាញ ទម្រង់លេង ដ៏ល្អ មួយរយៈពេលចុងក្រោយនេះ វឌ្ឍនាកា កាន់តែទទួលបានការ ចាប់អារម្មណ៍ ពីអ្នកស្នេហាវិស័យកីឡា ហើយភ្នាក់ងារដោះដូកីឡាករ អន្ដរជាតិនោះ ក៏ព្យាយាមទាក់ទង វឌ្ឍនាកា តាមរយៈក្លឹបបឹងកេត ជាច្រើនលើកផងដែរ ៕

បើតាមការលើកឡើងរបស់លោក បែ មករា អ្នកចាត់ការក្រុមបឹងកេត បានបញ្ជាក់ថា ភ្នាក់ងារដោះដូរកីឡាករ របស់ជប៉ុននោះ ទំនងជាចង់បានកីឡាករ ចាន់ វឌ្ឍនាកា ខ្លាំង ទើបបានជាគេចំណាយ ពេលវេលាជាច្រើន ដើម្បី ទាក់ទងខ្សែប្រយុទ្ធ ស្នូលរបស់ក្លឹបបឹងកេតអង្គររូបនេះ ទៅលេងនៅលីកជប៉ុន ៕