Social Network

សហព័ន្ធ​ចំបាប់៖​ កម្ពុជា​រៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះគឺម្ចាស់ផ្ទះកម្ពុជារៀបចំជាព្រឹត្តិការណ៍ធំជាងគេបង្អស់នៅក្នុងតំបន់ ដោយមានកីឡាករ កីឡាការិនី សរុប ២៧៥នាក់មកពី ៨ប្រទេស។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់បានឲ្យដឹងថា ការប្រកួតដែលកម្ពុជារៀបចំនេះគឺធំជាងគេបង្អស់ហើយនៅអាស៊ីអាគ្នេយ៍នេះ។ ប្រទេសចូលរួមមានម្ចាស់ផ្ទះ កម្ពុជា វៀតណាម ឡាវ ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី និងសរុបកីឡាករ កីឡាការិនីទាំងអស់មានរហូតដល់ ២៧៥នាក់ឯណោះ។

ថ្នាក់ដឹកនាំដែលស្រឡាញ់វិស័យកីឡាខ្លាំងរូបនេះបន្ថែមទៀតថា មូលហេតុចម្បងដែលរៀបចំការប្រកួតនេះឡើងគឺចង់បង្កើនគុណភាព សមត្ថភាព កីឡាករ កីឡាការិនីកម្ពុជាឲ្យរឹតតែខ្លាំងបន្ថែមទៀត។

មានតែការប្រកួតឲ្យបានច្រើននោះទេ ដែលរក្សាភាពខ្លាំង និងអាចបន្តដណ្ដើមមេដាយផ្សេងៗបាន។អនុប្រធានសហព័ន្ធខាងលើជឿជាក់ថា ក្រុមចំបាប់កម្ពុជានឹងដណ្ដើមបានមេដាយច្រើនក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នេះ។

ព្រោះការត្រៀមខ្លួន ការហ្វឹកហាត់ គឺក្រុមកម្ពុជាអនុវត្តន៍បានល្អ ត្រឹមត្រូវតាមផែនការ។ បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះធ្វើឡើងពីថ្ងៃទី៦ ដល់ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ៕