គ្រូបាល់ទះជើងចាស់លោក គាំង ស៊ាងស៊ីន ថាការប្រកួតពានរង្វាន់ «តេជោលីគ» សមាសភាពក្រុមគឺល្អៗ និងខ្លាំងប្រហាក់ប្រហែលគ្នា ដូច្នេះក្លឹបវិសាខាត្រូវតែប្រឹងប្រែងហ្វឹកហាត់ឲ្យល្អបើគ្រាន់តែដេកស្រមៃនោះទេគឺមិនអាចឈានទៅដល់ការដណ្ដើមពាននេះទេ។
លោក គាំ ស៊ាងហ៊ីន គ្រូបង្វឹកក្លឹបបាល់ទះវិសាខា ថ្លែងក្រោយបញ្ចប់ការប្រកួតមិត្តភាពជាមួយខាងក្រុមវៀតណាមយប់មិញនេះថា សមាសភាពក្រុមដែលចូលរួមលេងពានរង្វាន់ «តេជោលីគ» ឆ្នាំ២០២៣-២០២៤ នេះសុទ្ធតែល្អៗ និងសមត្ថភាពប្រហាក់ប្រហែលគ្នា។
ចំពោះកីឡាករវិសាខាគឺមិនអាចរំពឹង ឬស្រមៃឈ្នះមេដាយ ឈ្នះពាននេះបានទេលុះត្រាតែខំប្រឹងប្រែងហ្វឹកហាត់ទើបអាចសម្រេចបាន។យ៉ាងណាគ្រូបង្វឹករូបនេះសំណូមពរដល់មហាជនឲ្យជួយគាំទ្រទាំងអស់គ្នាដើម្បីវិស័យបាល់ទះរឹតតែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។
រំលឹកដែរថា ម្សិលមិញនេះសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើពិធីបើកជាផ្លូវការនៃការប្រកួត «តេជោលីគ» ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះដែរគឺដំណើរការចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយឡែកក្នុងជំនួបមិត្តភាពបើកការប្រកួតម្សិលមិញនេះក្លឹបបាល់ទះវិសាខា យកឈ្នះលើក្រុម SANEST KHANH HOA 3-1 (សិត)៕
ដកស្រង់ពី៖ Sabay