Social Network

ក្រុមជើងឯក WSVI វិសាខា ឈ្នះប្រាក់រង្វាន់ ១៨ ០០០ដុល្លារ កាត់ពន្ធ ២០%

ក្លឹបបាល់ទះវិសាខារបស់កម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះបានយកឈ្នះលើក្លឹបបាល់ទះ Win Streak ៣-១ សិតនៅវគ្គផ្ដាច់ព្រ័ត្រគ្រងតំណែងជើងឯក នៃពានរង្វាន់ Win+Streak Volleyball Invitational Tournament ហៅកាត់ WSVI ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់។

ជ័យជម្នះនេះជាមុខមាត់ថ្មីរបស់ក្លឹបបាល់ទះវិសាខា ជាមុខមាត់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា មុខមាត់ប្រជាជនកម្ពុជា និងមុខមាត់ប្រទេសកម្ពុជាទាំងមូលតែម្ដង។

អ្នកគាំទ្រកម្ពុជារាប់ម៉ឺននាក់ បានគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី និងអបអរសាទរយ៉ាងក្រៃលែង ដែលក្លឹបបាល់ទះវិសាខាអាចយកឈ្នះជើងឯកលីគកំពូលតៃវ៉ាន់ និងម្ចាស់ផ្ទះ Win Streak នៅវគ្គផ្ដាច់ព្រ័ត្រដូច្នេះ។

ទង់ជាតិកម្ពុជាបានបង្ហាញនៅលើឆាកអន្តរជាតិ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាតិនិងអន្តរជាតិរាប់ម៉ឺនរាប់សែន និងរាប់លាននាក់ក្នុងរយៈពេល៥ថ្ងៃនេះ។ងាកមកប្រាក់រង្វាន់វិញថាតើក្លឹបបាល់ទះវិសាខាទទួលបានប៉ុន្មានម៉ឺនដុល្លារដែរ?

ក្នុងជ័យជម្នះពានរង្វាន់អន្តរជាតិ WSVI ដែលមាន៨ក្រុមចូលរួមមកពី៧ប្រទេស រៀបចំដោយក្លឹបបាល់ទះ Win Streak នេះដែរ ក្លឹបខ្លាំងរបស់កម្ពុជា វិសាខា ទទួលបានមេដាយមាស១ ពានមួយគ្រឿង និងប្រាក់រង្វាន់ចំនួន ១៨ ០០០ដុល្លារសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណា ក្លឹបបាល់ទះវិសាខាមិនបានពេញឡើយ ដោយពួកគេត្រូវបានកាត់ពន្ធ ២០% នៃទឹកប្រាក់សរុប។ ការប្រកួតរវាងក្លឹបបាល់ទះវិសាខា និង Win Streak នៅវគ្គផ្ដាច់ព្រ័ត្របញ្ចាប់ទៅដោយស្វិតស្វាញដោយសិតទី១ វិសាខា ឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-២៣ សិតទី២ វិសាខា ចាញ់ក្នុងលទ្ធផលពិន្ទុ ២៣-២៥ សិតទី៣ វិសាខា ឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-២៣ និងសិតទី៤ វិសាខា ឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-២២។

គួរបញ្ជាក់ថា ការប្រកួតនេះមាន៨ក្រុមមកពី៧ប្រទេសក្នុងនោះមានក្លឹបបាល់ទះវិសាខារបស់កម្ពុជា ក្លឹប Win Streak របស់តៃវ៉ាន (លេខ២) ក្លឹប Long My Construction របស់តៃវ៉ាន់ (លេខ៣) ក្លឹប Flying Falcon របស់ម៉ាឡេស៊ី (លេខ៤) ក្លឹប Saitama Azalea របស់ជប៉ុន ក្លឹប Australian Volleyball Academy របស់អូស្ត្រាលី ក្លឹប Nature Med Club របស់ម៉ុងហ្គោលី និងក្លឹប Thanh Pho Ho Chi Minh របស់វៀតណាម៕