Social Network

មាន​ក្រុម​ល្អ​ប៉ុណ្ណឹង សឿន ហេង សង្ឃឹម​ឈ្នះ​ពាន WSVI នៅតៃវ៉ាន់​ ៧០-៨០%

កីឡាករ សឿន ហេង បានដាក់ក្ដីសង្ឃឹមឈ្នះពានរង្វាន់ Win Streak Volleyball Invitational Tournament (WSVI) នៅតៃវ៉ាន់រហូតដល់ទៅ ៧០-៨០% ក្រោយក្លឹបបាល់ទះវិសាខាឈ្នះការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹបបាល់ទះ Lavie Long An របស់វៀតណាម ៣-០ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះមុនហោះទៅតៃវ៉ាន់។

ការដាក់ក្ដីរំពឹងច្រើនបែបនេះព្រោះរូបគេមើលឃើញថា ក្លឹបបាល់ទះវិសាខាបាននាំចូលកីឡាករបារាំងល្អៗចំនួនបីរូបដែលពួកគេ ជាកីឡាករលេងនៅក្លឹបធំៗនៅលីគ A លីគ B របស់បារាំង និងមានបទពិសោធន៍ច្រើនក្នុងការប្រកួតផ្លូវការធំៗ។

កីឡាករបីរូបនេះមានអ្នកប៉ះសេ Thomas Gill កម្ពស់ ១ម៉ែត្រ ៩៨សង់ទីម៉ែត្រអាយុ២៤ឆ្នាំ មកពីក្លឹប Ajaccio ស្មាត់ស្ដាំជម្រើសជាតិបារាំង Francois Rebeyrol កម្ពស់ ២០២សង់ទីម៉ែត្រ អាយុ២៥ឆ្នាំ មកពីក្លឹប Nice Volley Ball ស្មាត់ឆ្វេង Pierre Toledo កម្ពស់១៩៧សង់ទីម៉ែត្រ អាយុ ២៥ឆ្នាំមកពីក្លឹប Chaumont VB52។

ទោះបីជាយ៉ាងណា សឿន ហេង ប្រាប់ថារូបគេលេងមិនទាន់ត្រូវជាមួយអ្នកប៉ះសេបារាំងឡើយ តែសង្ឃឹមធ្វើបានល្អនៅតៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះក្រៅពីកីឡាករបារាំង ក្លឹបបាល់ទះវិសាខាក៏បានខ្ចីជើងកីឡាករកម្ពុជាល្អៗបីរូបមកពីក្លឹបពីរផ្សេងគ្នាទៀតគឺកីឡាករវ័យក្មេង ធី ម៉េងហួង និងស្មាត់ស្ដាំ មឿន ម៉េងឡាយ របស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ និងកីឡាករ ចាន់ វាសនា របស់ក្លឹបបាល់ទះស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្រុមបាល់ទះវិសាខាពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Win Streak Volleyball Invitational Tournament ឆ្នាំ២០២៤ ដោយពួកគេបានចំណាត់ថ្នាក់លេខ២ក្នុងពូល B នឹងបានយកឈ្នះក្រុមលេខ១ ពួល A របស់ម៉ាឡេស៊ី Flying Falcon ៣-០ កាលពីម្សិលមិញឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជួបជាមួយជើងខ្លាំង Win Streak នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះវេលាម៉ោង៥ល្ងាច៕