Social Network

ទោះ​បាក់​ខ្ទង់​ច្រមុះ​ក្ដី Mbappe នៅ​បន្ត​លេង​បាន​ធម្មតា ដោយ​មិន​ចាំបាច់​​វះកាត់

ខ្សែប្រយុទ្ធបារាំងលោក Kylian Mbappe នៅតែអាចបន្តលេងបានធម្មតា ទោះបីជាលោកជួបរឿងអកុសល ដោយបាក់ខ្ទង់ច្រមុះ អំឡុងប្រកួតទី១ របស់ក្រុមជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍អឺរ៉ុប UEFA Euro 2024។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បារាំង។

បារាំងយកឈ្នះក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងប្រកួតបើកឆាកនៅពូល D។ យ៉ាងណាមិញ នៅក្នុងតង់ទី២ អនាគតកីឡាករក្លឹប Real Madrid រូបនេះបានបុកជាមួយនឹងកីឡាករអូទ្រីស Kevin Danso ដែលបណ្ដាលឱ្យឈាមច្រាបចេញពីខ្ទង់ច្រមុះរបស់ខ្លួន។

Mbappe ក៏ត្រូវបានផ្លាស់ចេញពីការប្រកួតភ្លាមៗក្រោយមានឧបទ្ទវហេតុនេះកើតឡើង។ ដំបូងឡើយ មានការព្រួយបារម្ភថា Mbappe នឹងត្រូវឆ្លងកាត់ការវះកាត់ខ្ទង់ច្រមុះ។ ការវះកាត់នេះអាចនឹងបណ្ដាលឱ្យកីឡាករបារាំងរូបនេះខកខានជួយប្រទេសរបស់ខ្លួនរហូតដល់វគ្គ ៨ក្រុមចុងក្រោយឯណោះ។

យ៉ាងណាមិញ ខាងសហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្ដីថ្លែងការណ៍ថា «Kylian Mbappe បានត្រលប់មកហ្វឹកហាត់នៅជំរំបាល់ទាត់បារាំងហើយ។ លោកនឹងទទួលបានការព្យាបាលនៅប៉ុន្មានថ្ងៃខាងមុខ ដោយមិនឆ្លងកាត់ការវះកាត់ភ្លាមៗនោះទេ»។

«ម៉ាសពិសេសមួយនឹងត្រូវផ្ដល់ជូន ដើម្បីឱ្យកីឡាករពាក់អាវលេខ ១០រូបនេះគិតគូរក្នុងការបន្តលេងនៅក្នុងព្រឹត្តិការណ៍នេះ (Euro 2024) ក្រោយពេលដែលទទួលបានការព្យាបាលរួច»។ នេះជាការបន្តរបស់សហព័ន្ធបាល់ទាត់បារាំង៕