Social Network

ព័រទុយហ្គាល់ ឬ​ប៉ូឡូញ​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុងក្រោយ​យប់​នេះ?

ក្រុមបាល់ទាត់ ជម្រើសជាតិ ព័រទុយហ្គាល់ ត្រូវប្រឈមមុខ នឹងប៉ូឡូញ នៅវគ្គ៨ក្រុម ចុងក្រោយ ម៉ោង២ រំលងអាធ្រាត្រនេះ នៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ប្រទេសបារាំង ដើម្បីដណ្ដើម កៅអី ឡើង វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ EURO 2016។

 មុនឈាន មកដល់វគ្គនេះ ព័រទុយហ្គាល់ ដែលជាក្រុម លេខ៣ ល្អមកពីពូល F បានយកឈ្នះ ក្រូអាត ជាក្រុមលេខ១ពូល D ដោយលទ្ធផល ១-០ នៅ ម៉ោងបន្ថែម ១៥នាទី ២ដង ឬ Extra Time។ រីឯប៉ូឡូញ ក្រុមលេខ២ ពូល C វិញបានយកឈ្នះស្វីស ដែលជាក្រុម លេខ២ពូល A ដោយការ ទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី ៥-៤។

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖

– រាប់ទាំង លើកនេះ ប៉ូឡូញ និង ព័រទុយហ្គាល់ ប៉ះគ្នាក្នុងការ ប្រកួតកម្មវិធីធំ ចំនួន៣ដងហើយ ដោយ២លើកមុន ប៉ូឡូញឈ្នះ១-០ កាល World Cup ឆ្នាំ១៩៨៦ ហើយនៅ World Cup ឆ្នាំ២០០២ ព័រទុយហ្គាល់ សងសឹកបានវិញ ដោយយកឈ្នះ ៤-០។

– ៣ លើកចុងក្រោយ ក្នុងជំនួបធម្មតា ប៉ូឡូញ មិនដែល ចាញ់ព័រទុយហ្គាល់ ទេ ក្នុងនោះ ឈ្នះ១ ស្មើ២។

– ជំនួប ចុងក្រោយ បំផុតរបស់ ប្រទេសទាំង២ កាលពីខែកុម្ភៈ ឆ្នាំ២០១២ គឺបញ្ចប់ទៅក្នុងលទ្ធផល ០-០។

សំដីគ្រូបង្វឹក៖

លោក Fernando Santos, គ្រូបង្វឹក ព័រទុយហ្គាល់៖  “ការប្រកួតនេះ ក្រុមទាំង២ នឹង មានភាព ប្រដំប្រសងគ្នា។ ខ្ញុំមិនគិតថា ប៉ូឡូញដូចក្រុម ដែលយើងប៉ះ នាពេលកន្លង មកទេ។ ប៉ូឡូញ ជាក្រុម មានយុទ្ធសាស្ត្រខ្លាំង ពួកគេ ការពារ ហើយវាយបកលឿន។ យើងនឹង ព្យាយាមរកផលចំណេញ ពីចំណុចខ្សោយ របស់ពួកគេ”។

 

លោក Adam Nawałka, គ្រូបង្វឹក ប៉ូឡូញ៖  “ព័រទុយហ្គាល់ គឺជាក្រុម មានសក្ដានុពល ខាងប្រយុទ្ធ ហើយ ការការពារ ក៏ល្អដូចគ្នា ពួកគេជាក្រុម ដ៏គ្រោះថ្នាក់។ ពួកយើង គិតថា ការប្រកួតនេះ នឹងលំបាក តែយើង នឹងលេងទៅតាម ផែនការរបស់ក្រុម”។

 

ជើងកីឡាករ៖

ព័រទុយហ្គាល់៖ គ្មានបញ្ហា កីឡាកររបួសនោះទេ ដូច្នេះ ជម្រើស១១នាក់ ដំបូងអាច៖ Rui Patrício, Cédric, Fonte, Pepe, Guerreiro; Silva, William Carvalho, Sanches, Mário; Nani, និង Ronaldo។

  

 

ដកស្រង់ពី៖sabay