Social Network

ចាំ​អី​ទៀត! ទិវានៃ​ក្តី​ស្រលាញ់​មក​​ដល់​ហើយ ចូល​រួម​រត់​ដើម្បី​ក្តី​ស្រលាញ់​ទាំង​អស់​គ្នា

កម្មវិធីរត់ប្រណាំង Fun Run ឬ Run For Sharing Love នឹងធ្វើថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅកោះពេជ្រ នេះក្នុងគោលបំណង បំផុសឲ្យស្ត្រី ចូលរួមលេងកីឡា និងជាពិសេស ទៀតនោះ ជាការដាស់តឿន ដល់យុវវ័យផងដែរ។

ក្នុងថ្ងៃបើក សន្និសីទសារព័តមាន ម្សិលមិញនេះ ឯកឧត្ដម វ៉ាត ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិអូឡាំពិក បានលើកឡើងថា ពិធីរត់ប្រណាំង នេះគឺធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពី ឆ្នាំ២០០៨មកម្ល៉េះ។ កម្មវិធីរត់ប្រណាំងនេះ ប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃបុណ្យ នៃក្ដីស្រលាញ់ នោះទេ ប៉ុន្តែឆ្នាំនេះ ត្រូវធ្វើជំនួសទៅថ្ងៃទី១២វិញ ព្រោះចំថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកពីការងារនិងការសិក្សា។

ឯកឧត្ដម បន្តទៀតថា កម្មវិធីរត់ប្រណាំងនេះ គឺរត់ក្នុងចម្ងាយ ផ្លូវ៥គីឡូម៉ែត្រ ហើយរត់ទៀតសោត មិនផ្ដោតលើចាញ់ ឬឈ្នះនោះទេ ប៉ុន្តែត្រូវរត់ដើម្បីសប្បាយ រត់ដើម្បីសុខភាព រត់ដើម្បីចែករំលែក សេចក្ដីស្រឡាញ់រវាង គ្នាទៅវិញទៅមក។ ជាពិសេសនេះគឺជា ការដាស់តឿន ដល់យុវវ័យកុំឲ្យ យល់ច្រឡំថាទី១៤ ខែកុម្ភៈ ជាថ្ងៃមានន័យអ្វីផ្សេង និងកុំឲ្យយុវវ័យ ទាំងអស់ភ្លើតភ្លើនក្នុងថ្ងៃនេះ ឲ្យសោះ។

ក្នុងថ្ងៃនោះផងដែរ នៅពេលកីឡាករ កីឡាការិនី រត់ដល់ទីហើយនៅ មានកម្មវិធី លេងល្បែង កម្សាន្តផ្សេងៗ នៅតាមស្តង់ក្រុមហ៊ុន ដែលជួយឧបត្ថម្ភ ទៀតផង។ ប្រសិនបើចាប់អារម្មណ៍ និងចង់ចូលរួមនោះ លោកអ្នកអាច មកចុះឈ្មោះនៅ គណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងក្រុមហ៊ុនទូរស័ព្ទ Smart។ Fun Run ឬ Run For Sharing Love នឹងចាប់ផ្ដើម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះចាប់ពីម៉ោង ៦.៣០ នាទីតទៅ ហើយកន្លែង ចាប់ផ្ដើមត្រង់ចំណុច មុខសាលមហោស្រពកោះពេជ្រ បន្ទាប់មករត់ជុំវិញ បរិវេណកោះពេជ្រ ត្រូវបញ្ចប់វិញនៅកន្លែងមុខ សាលមហោស្រពដដែល៕

ដកស្រង់ពី៖ Sabay