Social Network

Mourinho ​ថា​​ Man Utd ​អាច​ចាញ់​ប្រៀប​ Chelsea ​នៅ​ FA Cup ​ព្រោះ...

អ្នកចាត់ការ Jose Mourinho របស់ក្រុម Manchester United បានលើកឡើងថា ក្រុមបិសាចក្រហម របស់លោក អាចនឹងចាញ់ប្រៀប Chelsea ក្នុងការប្រកួត FA Cup វគ្គ៨ក្រុម ចុងក្រោយ នាខែមិនាខាងមុខ ព្រោះ Man Utd មានកម្មវិធី ប្រកួតក្នុង ពានរង្វាន់ជាច្រើន រីឯតោខៀវវិញ ពួកគេមានតែ FA Cup មួយប៉ុណ្ណោះ ដែលត្រូវខ្វាយខ្វល់ច្រើន។

Man Utd ដែលទើបទម្លាក់ Blackburn យប់មិញ នឹងត្រូវធ្វើដំណើរទៅប៉ះ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅវគ្គ៨ក្រុម FA Cup។ អ្នកចាត់ការ សញ្ជាតិព័រទុយហ្គាល់ យល់ថា Chelsea បាននាំមុខគេដាច់៨ពិន្ទុ ឈរកំពូលតារាង Premier League ដូច្នេះពួកគេនឹង ផ្ដោតអារម្មណ៍លើ FA Cup ខ្លាំង ប៉ុន្តែ Man Utd វិញ នៅមានប្រកួត ពានរង្វាន់ UEFA Europa League, EFL Cup វគ្គផ្ដាច់ព្រ័ត្រ និងត្រូវប្រជែងយក Top 4 នៅ Premier League ដ៏តានតឹងទៀត។ “ប្រហែលជា Chelsea ពេលនេះ គិតតែពាន FA Cup ទេ ព្រោះខ្ញុំគិតថា ពួកគេនឹងឈ្នះជើងឯក ក្នុងលីគហើយ ហើយពួកគេ មិនចាំបាច់ ខំប្រឹងពេកនោះទេ។

FA Cup ជាអ្វីៗដែលខ្ញុំគិតថា សំខាន់បំផុត សម្រាប់ពួកគេ។ ចំណែកយើង នឹងត្រូវប៉ះ St Etienne នៅយប់ថ្ងៃពុធ, ត្រូវលេងផ្ដាច់ព្រ័ត្រ EFL Cup, អាចត្រូវជួបគូ ផ្សេងទៀតនៅ Europa League និងត្រូវប្រយុទ្ធដើម្បីបាន Top 4 នៅ Premier League ទៀត។ ដូច្នេះខ្ញុំមាន រឿងច្រើនយ៉ាង ដែលត្រូវគិត”។ Mourinho បានបញ្ជាក់។ ម្ចាស់ការពារ តំណែងជើងឯក បិសាចក្រហម Man Utd នឹងប៉ះ Chelsea នៅ FA Cup វគ្គ៨ក្រុម នាថ្ងៃសៅរ៍ ទី១១ ខែមិនា៕

ដកស្រង់ពី៖ Sabay