Social Network

ល្ងាច​នេះ U15 កម្ពុជា​ត្រូវ​ការ​ឈ្នះ​​ ​U15ម៉ាឡេស៊ី​២​គ្រាប់​​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៥ឆ្នាំកម្ពុជា នឹងត្រូវតទល់ជាមួយក្រុមបាល់ទាត់យុវជនក្រោមអាយុ១៥ឆ្នាំម៉ាឡេស៊ីនាវេលាម៉ោង៦:៣០នាទីល្ងាចនេះនៅទឹកដី Chonburi ប្រទេសថៃក្នុងការប្រកួត 2017 AFF U-15 Championship។

ជំនួបនេះជាប្រកួតសន្សំពិន្ទុចុងក្រោយក្នុងពូល B ហើយយុវជនកម្ពុជាត្រូវការយកឈ្នះយុវជនម៉ាឡេស៊ីឲ្យបានយ៉ាងតិច ២-០ ទើបអាចឡើងទៅវគ្គបន្ត។U15 កម្ពុជាកំពុងស្ថិតនៅលេខ ៣ក្នុងពូល B ដែលមាន ៦ពិន្ទុក្នុងដៃ ខណៈ U15 ម៉ាឡេស៊ី មាន ៩ពិន្ទុស្ថិតនៅលេខ ២ក្នុងពូល។

បើក្រឡេកទៅមើលគ្រាប់បាល់ចំណេញកម្ពុជាចាញ់ម៉ាឡេស៊ី៤គ្រាប់ ដោយខាងកម្ពុជាមានគ្រាប់បាល់ចំណេញ២គ្រាប់ និងក្រុម ម៉ាឡេស៊ី មានគ្រាប់បាល់ចំណេញ៦គ្រាប់ ដូច្នេះកម្ពុជាត្រូវការឈ្នះម៉ាឡេស៊ីយ៉ាងតិច ២-០ទើបអាចឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប៉ុន្តែបើមើលទៅលើទម្រង់លេងកម្ពុជាហាក់មានភាពពិបាកក្នុងការទម្លុះ រនាំងការពាររបស់យុវជនម៉ាឡេស៊ី ពីព្រោះក្រុមនេះមានខ្សែការពាររឹងមាំ ពោលតាំងពីចូលលេងវគ្គសន្សំពិន្ទុចំនួន ៤លើកកន្លងមកពួកគេរបូតគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះគឺនៅពេលចាញ់ U15 វៀតណាម ១-០។ ងាកទៅពូល A យុវជនថៃ និងយុវជន អូស្ត្រាលីជាក្រុមឡើងទៅវគ្គ៤ក្រុមចុងក្រោយ ហើយរវាងកម្ពុជា និងម៉ាឡេស៊ី អ្នកដែលឡើងទៅ នឹងប៉ះក្រុម U15 ថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ដកស្រង់ពី៖ Sabay