ចាញ់៣ប្រកួតជាប់គ្នា U22 កម្ពុជាដឹងខ្លួននឹងធ្លាក់ចេញពីស៊ីហ្គេមលើកទី២៩ យ៉ាងណាក្ដី លោក Leonardo Vitorino ជឿជាក់ថា កូនក្រុមរបស់ខ្លួនលេងបានល្អហើយ។
“កីឡាកររបស់ពួកយើងលេងបានល្អ ពេលប៉ះក្រុមខ្លាំងដូចជា ថៃ និងទទួលបទពិសោធន៍ទល់នឹងហ្វីលីពីន ព្រមទាំងតស៊ូយ៉ាងខ្លាំងក្លាជាមួយវៀតណាម។ ខ្ញុំមិនមានការខកចិត្តអ្វីទេ ព្រោះពួកយើងបានព្យាយាមអស់ពីការប្រឹងប្រែង"។ សម្ដីលោក Leonardo ប្រាប់សារព័ត៌មានកាលពីម្សិលមិញ។
លើសពីនេះគ្រូសញ្ជាតិប្រេស៊ីលក៏បានប្រាប់ពីការវិវត្តន៍ទម្រង់លេងរបស់ក្រុមកម្ពុជាទៀតថា៖ "ក្នុងព្រឹត្តិការណ៍នេះ ពួកយើងបានប្រើខ្សែការពារ៣រូប គាំទ្រដោយខ្សែបម្រើការពារម្នាក់ នេះគឺជាយុទ្ធសាស្ត្រថ្មីរបស់ពួកយើង។ យ៉ាងណាកីឡាករមិនទាន់ស៊ាំនឹងយុទ្ធសាស្ត្រនេះ ដូច្នេះពួកគេតែងបង្កកំហុស។ ទោះជាយ៉ាងណា ខ្ញុំជឿជាក់ជម្រើសជាតិកម្ពុជាក្រុមធំ និង U22នឹងមានអនាគតភ្លឺស្វាង"។
កម្ពុជានឹងត្រូវមានភារកិច្ចបន្តទៀតលេងជាមួយនឹងទីម័រខាងកើត នៅយប់នេះម៉ោង៧:៤៥ ដើម្បីរកពិន្ទុរាប់៕
ដកស្រង់ពី៖ Sabay