Social Network

ស៊ីហ្គេម​ជា​បទពិសោធ​ថ្មី​សម្រាប់​កូន​ខ្មែរ-អាមេរិក​​ Casandre ទៅ​អូឡាំពិក​តូក្យូ​

លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូកម្ពុជាលើកឡើងថា ការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ជាបទពិសោធកម្រិតអន្តរជាតិដ៏ប្រសើរសម្រាប់កីឡាការិនីខ្មែរកាត់អាមេរិក Tubb Casandre Nicole ដើម្បីឈានទៅកាន់ព្រឹត្តិការណ៍អូឡាំពិក២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

«យើងត្រៀមគាត់សម្រាប់ឆ្នាំ២០២០នៅតូក្យូ ខ្ញុំបានពិភាក្សាជាមួយគ្រូៗរួចរាល់ហើយ។ យើងដាក់គោលដៅនៅអូឡាំពិកតូក្យូ ព្រោះគាត់នៅក្មេងត្រូវការបទពិសោធច្រើន ហើយបទពិសោធប្រកួតស៊ីហ្គេមលើកនេះ វាពិតជាមានតម្លៃណាស់សម្រាប់គាត់។ គាត់នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2018 នៅឥណ្ឌូណេស៊ី និងគ្រប់ការប្រកួតអន្តរជាតិផ្សេងៗទៀត ដើម្បីពង្រឹងខ្លួនឲ្យកាន់តែខ្លាំង»។ នេះជាការលើកឡើងរបស់លោកគ្រូ Choi Yong Sok។

ពាក់ព័ន្ធនឹងការប្រកួតស៊ីហ្គេមវិញ គ្រូសញ្ជាតិកូរ៉េខាងត្បូងពន្យល់ថា Casandre ធ្វើបានល្អចំពោះបច្ចេកទេស និងកម្លាំងសម្រាប់ការប្រកួត តែបទពិសោធបានទាញគាត់ ពុំឲ្យឈានទៅវគ្គផ្ដាច់ព្រ័ត្របាន ដោយចាញ់កីឡាការិនីថៃ។«គាត់នៅក្មេងអាយុត្រឹម១៨ឆ្នាំ គាត់មានបច្ចេកទេស និង កម្លាំងគ្រាន់បើ ដែលយើងត្រូវការកែបន្តិចបន្តួចទេ តែគាត់ខ្វះបទពិសោធប្រកួតច្រើន ព្រោះអត់សូវបានប្រកួតអន្តរជាតិទេ»។

កីឡាការិនីវ័យ១៨ឆ្នាំ Tubb Casandre Nicole ដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង ពីវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម ក្រោយចាញ់កីឡាការិនីថៃ Benjarat ដោយពិន្ទុ១៣-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ដកស្រង់ពី៖ Sabay