Social Network

កុំភ្លេច៖ គោព្រៃកម្ពុជា ប៉ះវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅក្នុងវគ្គជម្រុះពូលC នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2019 ។

 នេះគឺជាប្រកួតទី៣ ក្នុងពូលរបស់ក្រុមទាំងពីរ ។ ប៉ុន្ដែមុនជួបគ្នាល្ងាចនេះ ក្រុមទាំងពីរ ទើបតែធ្លាប់បានជួបគ្នាកាលពីឆ្នាំ២០១៦ប៉ុណ្ណោះ ដោយក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមគោព្រៃកម្ពុជា ក្នុងលទ្ធផល ២-១ នៃពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា ។

ដូច្នេះចាំមើលតើល្ងាចនេះ ក្រុមគោព្រៃកម្ពុជា អាចសងសឹកវៀតណាមលើទឹកដីរបស់ខ្លួនបានវិញដែរឬទេ?

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពីម្សិលមិញថា ទោះបីកម្ពុជាទើបរកបាន ៣ពិន្ទុពីអាហ្វហ្គានីស្ថានក្ដី ប៉ុន្ដែការជួបវៀតណាមល្ងាចនេះ មិនមែនជារឿងងាយស្រួលនោះទេ ។

ប៉ុន្ដែយ៉ាងណាលោកនៅតែជឿជាក់លើសមត្ថភាពកូនក្រុមរបស់ខ្លួន បើទោះបីកីឡាករភាគច្រើន គឺជាសមាសភាពកីឡាករទើបបញ្ចប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧នេះក៏ដោយ ។

ដោយឡែកលោក ម៉ៃ ឌឹកជុង គ្រូបង្វឹកវៀតណាម ក៏បានថ្លែងឲ្យដឹងដែរថា ដោយសារកូនក្រុមខ្លួន ក៏មិនខុសពីក្រុមម្ចាស់ផ្ទះកម្ពុជា ដែលមានកីឡាករវ័យក្មេងច្រើននោះ លោកមិនអាចធ្វេសប្រហែលចំពោះការប្រកួតល្ងាចនេះបានឡើយ ។

ម្យ៉ាងវិញក្រុមខ្លួន គឺត្រូវការឈ្នះដាច់ខាត ដើម្បីឈានទៅរកដណ្ដើមកៅអីកំពូលតារាង ។ ដូច្នេះលោកបានប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ដើម្បីនាំយក ៣ពិន្ទុពីកម្ពុជា ត្រឡប់ទៅវៀតណាមវិញ ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមម្ចាស់ផ្ទះកម្ពុជា កំពុងឈរលេខ២ ក្នុងពូល C និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១(ឈ្នះអាហ្វហ្គានីស្ថាន ១-០ និងចាញ់ហ្សកដានី ៧-០) ។

រីឯវៀតណាមកាន់ ២ពិន្ទុក្នុងដៃ ឈរលេខ៣ ជាមួយលទ្ធផល ២ប្រកួតដូចគ្នាស្មើទាំង ២ប្រកួត គឺស្មើហ្សកដានី ០-០ និងស្មើអាហ្វហ្គានីស្ថាន ១-១ ។ ហេតុនេះការជួបគ្នាល្ងាចនេះ គឺជាជំនួបដ៏សំខាន់របស់ក្រុមទាំងពីរ ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ៕

ដកស្រង់ពី៖FRESH NEW