Social Network

Buffon សម្រក់​ទឹកភ្នែក​ពេល​អ៊ីតាលី​អត់​កៅអី​ទៅ​ World Cup

ក្រុមជម្រើសជាតិអ៊ីតាលីទីបំផុតគ្មានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ទេ ក្រោយស្មើគ្នាជាមួយស៊ុយអែត ០ ទល់នឹង០ កាលពីយប់មិញ។

ជើងឯកពិភពលោកកាលពីឆ្នាំ២០០៦បានចាញ់ ១-០ នៅវគ្គ Play-off ជើងទីមួយហើយមិនអាចធ្វើអ្វីគូប្រជែងបាននៅជើងទីពីរធ្វើឲ្យពួកគេអស់ឱកាសលេង World Cup លើកដំបូងគិតចាប់ពីឆ្នាំ ១៩៥៨មក។ នេះគឺជាលើកទីពីរហើយដែលក្រុមរហស្សនាមថា Azzurri គ្មានកៅអីទៅពានរង្វាន់ពិភពលោកដោយលើកទីមួយគឺ ១៩៣០។

ក្រោយបរាជ័យដ៏ធំធេងនេះអ្នកចាំទីជើងចាស់ Gianluigi Buffon បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិទាំងសម្រក់ទឹកភ្នែកដោយសាររូបគេមានវ័យ៣៩ឆ្នាំទៅហើយមិនអាចបន្តលេងដល់ World Cup លើកក្រោយបានទៀតនោះទេ។

ដោយឡែកគ្រូបង្វឹក Gian Piero Ventura វិញបាននិយាយថាខ្លួនមិនទាន់សម្រេចចិត្តថាគួរលាឈប់ពីតំណែង ឬក៏បន្តទៀតឡើយដោយសារមិនទាន់បានពិភាក្សាជាមួយសហព័ន្ធ ហើយហេតុផលមួយទៀតគឺកីឡាករក្នុងក្រុមមានទំនាក់ទំនងល្អជាមួយលោក៕

ដកស្រង់ពី៖ Sabay