Social Network

Cambodia All Stars ​ឆ្នាំនេះ​ ​នឹង​អវត្តមាន​កីឡាករ​សំខាន់​២​រូប​របស់​កម្ពុជា

ក្រុមបាល់ទាត់ Cambodia All Stars ដែលដឹកនាំដោយលោក ភា សុភក្ត្រា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ក្រុមភ្ញៀវ Muangthong United នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ។

បើតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុម បញ្ជីឈ្មោះកីឡាករទាំង២៥នាក់ ត្រូវបានបញ្ជូនទៅខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចជាស្រេចទៅហើយ។ ក្នុងនោះដែរ ការជ្រើសរើសត្រូវបានលោក ភា សុភក្ត្រា មើលទៅលើទម្រង់របស់ពួកគេកាលពីរដូវកាលមុន។

មួយវិញទៀត កីឡាករ បរទេសយកតែ ៤នាក់ប៉ុណ្ណោះ ដោយលោក ចង់ឱ្យ កីឡាករ កម្ពុជាមានឱកាស បានចូលលេងច្រើន ក្នុងការប្រកួត ទល់ក្រុមខ្លាំង មកពីថៃនេះ។ យ៉ាងណាមិញ លោកបានបញ្ជាក់ទៀតថា កីឡាករសំខាន់របស់កម្ពុជា២រូប អាចនឹងមិនបានចូលលេងឡើយ។

ចាន់ វឌ្ឍនាកា ទើបតែចុះកុងត្រាថ្មីជាមួយក្លឹបនៅម៉ាឡេស៊ី ដូច្នេះរូបគេត្រូវចូលហ្វឹកហាត់ជាមួយក្រុមថ្មី។ ខណៈដែល ធារី ចន្ធាបីន វិញ ក៏ដូចគ្នា សុទ្ធតែត្រូវត្រៀមខ្លួនដើម្បីចូលលេងនៅលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មី។ មួយវិញទៀត ការប្រកួតមិត្តភាពខាងលើមិនចំថ្ងៃ FIFA Day ផង ទើបពិបាកក្នុងការនាំយករូបគេមកណាស់។

ដោយកីឡាករទាំង២៥នាក់ខាងលើនេះ ត្រូវបានលោក ភា សុភក្ត្រា ជ្រើសរើសទៅតាមទម្រង់លេងរបស់លោកដែលធ្លាប់ប្រើគឺ ៤-២-៣-១។ ការប្រមូលផ្ដុំ នឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ ហើយថ្ងៃទី៦នឹងត្រូវប្រកួតមិត្តភាព១ប្រកួតសិន មើលជើងកីឡាករ មុនសម្រេចទៅប្រកួតមិត្តភាពផ្លូវការនៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩៕

ដកស្រង់ពី៖ Sabay