«​ទស្សនា​សៀមរាប ឆ្នាំ​ ២០២៤»​ នឹង​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​កម្ពុ​ជាច្រើន

ភ្នំពេញៈ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលបានប្រកាសដោយរាជរដ្ឋាភិបាលនឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសជុំវិញពិភពលោកឱ្យធ្វើដំណើរមកកម្ពុជាបន្ទាប់ពីវិស័យនេះរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលជំងឺកូវីដ ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

«ទស្សនាសៀមរាប ឆ្នាំ ២០២៤» ត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០២៣។ លោកបានលើកឡើងថា វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ ១៩ ដែលបានបន្តអូសបន្លាយពេលរហូតមកដល់ពេលនេះ។ ជាការពិត ទោះពេលនេះចំនួនភ្ញៀវទេសចរបរទេសមានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនមានវត្តមានជំងឺកូវីដឡើយ ហើយការកើនឡើងនេះក៏មានស្ថានភាពមិនដូចគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ជាពិសេសខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា។

លោកនិយាយថា៖ «យើងទាំងអស់គ្នាទទួលស្គាល់ថា ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ពិសេសនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការដាក់ចេញវិធានការពិសេសនានា ដើម្បីលើកស្ទួយទេសចរណ៍ខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ»។

លោកបន្តថា៖ «ក្នុងន័យនេះខ្ញុំសូមប្រកាសជូនជនរួមជាតិទាំងនៅទីនោះថា រាជរដ្ឋាភិបាលបានផ្តួចផ្តើមដាក់ចេញកម្មវិធីពិសេសមួយ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលក្នុងកម្មវិធីនេះរដ្ឋាភិបាលនឹងដាក់ចេញវិធានការមួយចំនួនសំដៅជំរុញវិស័យទេសចរណ៍ខេត្តសៀមរាប មានសម្ទុះងើបឡើងវិញ»។

យោងតាមលោកនាយករដ្ឋមន្ត្រី វិធានការសំខាន់ៗដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានដូចជា ការលើកកម្ពស់ការធ្វើបដិសណ្ឋារកិច្ចនៅតាមព្រំដែន, ការបំពេញឯកសារតាមអនឡាញ, ការពង្រឹងសន្តិសុខ, ការតភ្ជាប់កាមេរ៉ាសុវត្ថិភាព, ការពង្រឹងវិសាលភាពនៃបណ្ណព្រំដែន, ការពិនិត្យលើលទ្ធភាពការផ្តល់ឥណទានសម្រាប់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប, ការលើកលែងពន្ធមួយចំនួនសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, ការលើកលែងប្រាក់ពិន័យអន្តរកាលចំពោះអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរ និងអ្នកបកប្រែ ជំរុញការភ្ជាប់ជើងហោះហើរពីគោលដៅសំខាន់ៗការកែលម្អហេដ្ឋារចនាសម្ព័ន សោភណភាពទីក្រុង និងការផ្សព្វផ្សាយជាដើម។

អនុប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុន PTM Travel & Tours លោក ស សារិន បានប្រាប់ថា សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយការទស្សនាសៀមរាបឆ្នាំ ២០២៤ គឺមិនមែនសំដៅតែខេត្តសៀមរាបមួយទេ ប៉ុន្តែដោយសារកេរ្តិ៍ឈ្មោះនៃប្រាង្គប្រាសាទអង្គរវត្តត្រូវបានគេស្គាល់ជាលក្ខណៈអន្តរជាតិ និងជាតំណាងប្រទេសកម្ពុជា ដូច្នេះការផ្សព្វផ្សាយទស្សនាសៀមរាបនេះ គឺជាចំណុចល្អ។

លោកបញ្ជាក់ថា សម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប គឺនៅតែលំបាក។

លោកថ្លែងថា៖ «ជារួមការដាក់ចេញរបស់រាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយទស្សនាសៀមរាបឆ្នាំ ២០២៤ ការដាក់ចេញកញ្ចប់ថវិកា និងការបង្កើតក្រុមប្រឹក្សាទេសចរណ៍ ខ្ញុំមានជំនឿមុតមាំថា វិស័យទេសចរណ៍យើងនឹងងើបឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំ ២០២៤ ជាមួយនឹងការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិមកពីជុំវិញពិភពលោក»។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ថា យុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឱ្យមកខេត្តសៀមរាប គឺទាមទារឱ្យមានការរៀបចំយុទ្ធនាការបង្ហាញម៉ាកសញ្ញាកម្ពុជា និងទីផ្សារសកល ដោយបង្កើតអត្តសញ្ញាណម៉ាកយីហោ ដែលរំលេចចេញបទពិសោធន៍វប្បធម៌ និងសម្រស់ធម្មជាតិតែមួយគត់របស់ខេត្តសៀមរាប។

ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវបើកដំណើរការគេហទំព័រពហុភាសា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម, ចាប់ដៃគូជាមួយអ្នកមានឥទ្ធិពលសាធារណៈ (Influencers) ក្នុងទីផ្សារសំខាន់ៗ ដើម្បីបង្កើតការផ្សព្វផ្សាយដែលពាក់ព័ន្ធអំពីការផ្តល់ជូនរបស់ខេត្តសៀមរាប។

លើសពីនោះទៀតកម្ពុជាក៏ត្រូវបើកការផ្សព្វផ្សាយទំនាក់ទំនងសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការចែកចាយសម្ភារផ្សព្វផ្សាយទូទាំងពិភពលោកតាមរយៈភាពជាដៃគូក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារទេសចរណ៍...។ល។

លោកថ្លែងថា៖ «តាមរយៈការអនុវត្តយុទ្ធសាស្ត្រទាំងនេះយ៉ាងទូលំទូលាយលើទីផ្សារខេត្តសៀមរាប នឹងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏រស់រវើកបំផុតរបស់អាស៊ីអាគ្នេយ៍ ដោយសារយើងបានអភិរក្ស និងការពារបេតិកភណ្ឌ ដូច្នេះយើងត្រូវតែបំផុសគំនិតភ្ញៀវទេសចរតាមរយៈអ្វីដែលពួគេបានមកទស្សនាដោយផ្ទាល់ជាមួយអរិយធម៌ខ្មែរពិត។ ការរៀបចំផែនការដោយប្រុងប្រយ័ត្ន ភាពជាដៃគូសហគមន៍ និងទេសចរណ៍ប្រកបដោយការទទួលខុសត្រូវនឹងបើកឱកាសថ្មី ដើម្បីចែករំលែករតនសម្បត្តិរបស់កម្ពុជាទៅកាន់ពិភពលោកនៅឆ្នាំ ២០២៤ និងឆ្នាំទៅមុខៗទៀត»។

ខេត្តសៀមរាបក៏បានរកចំណូលបានជាង ៣២ លានដុល្លារពីការលក់សំបុត្រដល់ភ្ញៀវទេសចរបរទេសដែលបានចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៣ កើនឡើងជាង ២៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។

យោងតាមក្រសួងទេសចរណ៍ ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជិត ៤,៩២ លាននាក់ កើនឡើងជិត ១៥៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួនតែ ១,៩១ លាននាក់៕


ដកស្រង់ពី៖ ភ្នំពេញ ប៉ុស្តិ៍