​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កោះ​រ៉ុង ​ចាប់ផ្តើម​ការ​សាងសង់

អាជ្ញាធរបានបញ្ជាក់ថា ការដ្ឋានសម្រាប់ដំណាក់កាលទី១នៃការសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងកំពុងដំណើរការនៅលើកោះនេះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ច័ន្ទសិរីវុត្ថា បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនកម្ពុជា រ៉ូយ៉ាល់គ្រុប ដែលជាម្ចាស់ និងអ្នកអភិវឌ្ឍន៍ចម្បងនៃគម្រោងអាកាសយានដ្ឋានថ្មីនៅកោះរ៉ុង បច្ចុប្បន្នកំពុងឈូសឆាយដីសម្រាប់ការសាងសង់គម្រោងនេះ ដែលបង្ហាញ ការអភិវឌ្ឍជាទីទន្ទឹងរង់ចាំនេះ នឹងកើតឡើងយ៉ាងពិតប្រាកដ។

លោក ស៊ិន ច័ន្ទសិរីវុត្ថា បានកត់សម្គាល់ថា ការងារចាក់បំពេញដីដែលកំពុងដំណើរការនៅការដ្ឋានថ្មីនេះ បានចាប់ផ្តើមហើយ បន្ទាប់ពីក្រុមហ៊ុនបានដោះស្រាយបញ្ហាផលប៉ះពាល់សង្គមដែលអាចកើតមានជាមួយប្រជាពលរដ្ឋក្នុងតំបន់ និងនិងការប៉ះពាល់នានាដែលអាចកើតមានជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ។

អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង (កម្រិត ៤C) ដែលបានចាប់ផ្តើមសាងសង់នាពេលនេះ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍កោះរ៉ុង។

ការងារភាគច្រើននៃការដំឡើងព្រលានយន្តហោះត្រូវបានគាំទ្រដោយការវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនីហើយមានតម្លៃសរុបប្រហែល ៣០០ លានដុល្លារ។

អាកាសយានដ្ឋានកោះរ៉ុង ដែលនឹងក្លាយជាអាកាសយានដ្ឋានដំណើរការទី៤ របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំ ជាមួយនឹងផែនការពង្រីកបានរួចរាល់សម្រាប់ដំណាក់កាលទី២។

ការបណ្តាក់ទុកអាកាសយានដ្ឋានថ្មីដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកើតឡើងដោយសារកិច្ចព្រមព្រៀងជួលរយៈពេល ៩៩ ឆ្នាំដែលបានចុះហត្ថលេខាក្នុងខែកុម្ភៈ ឆ្នាំ ២០០៨ ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការជួលប្រហែលមួយភាគប្រាំនៃកោះនេះត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍកោះរ៉ុងទៅជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងជារមណីយដ្ឋានអេកូទេសចរណ៍។

កិច្ចព្រមព្រៀងនេះក៏បានចែងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងរួមបញ្ចូលផងដែរនូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានដើម្បីជួយដល់កំណើនសេដ្ឋកិច្ចរបស់កោះនេះ។

ឆ្នាំ ២០១៦ បានឃើញការចាប់ផ្តើមនៃការសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ The Royal Sands Koh Rong ដែលបានបញ្ចប់ត្រឹមតែពីរឆ្នាំក្រោយមក ជាមួយនឹងការវិនិយោគសរុប ៤០ លានដុល្លារ។ សណ្ឋាគារនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងក្រុមទេសចរណ៍ក្នុងតំបន់ Asian Trails ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានវិនិយោគលើផ្លូវថ្មីប្រវែងជាង ១៣០ គីឡូម៉ែត្រឆ្លងកាត់កោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្លូវធំថ្មីនៃកោះរ៉ុងមានទទឹង ៥០ ឬ ៣០ ម៉ែត្រ។ ទន្ទឹមនឹងនេះ ទីក្រុងកោះរុងកំពុងអនុវត្តតាមផែនការមេទីក្រុងប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាពនៃបរិស្ថាននាពេលអនាគត។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ អនុស្សរណៈនៃការយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខារវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងក្រុមហ៊ុន Royal Group Koh Rong Development Company ដែលក្នុងខ្លឹមសារនោះ ផែនការមេសម្រាប់ «អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង» ត្រូវបានទទួលយក។

ទោះបីជាមានភាគទុនិកឯកជនជាច្រើនក៏ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ដែលជាស្ថាប័នតែត្រួតពិនិត្យប្រតិបត្តិការនៃអាកាសយានដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា នឹងត្រួតពិនិត្យព្រលានយន្តហោះថ្មីនៅកោះរ៉ុងផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា ព្រលាននេះនឹងត្រូវអនុវត្តតាមក្របខណ្ឌការបណ្តាក់ទុនរួមគ្នាពហុបំណង សម្រាប់ទីក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន។

លោកបាននិយាយថា ការអភិវឌ្ឍន៍ព្រលានយន្តហោះនឹងស្ថិតក្នុងទម្រង់នៃគម្រោង Design-Build-Finance-Operate-Maintain (DBFOM) ក្នុងក្របខណ្ឌនៃ Build-Own-Operate (BOO) ដោយយោងទៅលើមុខងារនៃផែនការមេដែលបានអនុម័ត។

ដោយភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន ហ៊ុន រ៉ូយ៉ាល់ គ្រុប រដ្ឋាភិបាលកម្ពុជាគ្រោងនឹងអភិវឌ្ឍកោះរ៉ុងទៅជារមណីយដ្ឋានលំដាប់ពិភពលោក ហើយលោក ហាវ វណ្ណាល់ មានប្រសាសន៍ថា៖ «គម្រោងនេះស្របតាមចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា»។

យោងតាមក្រុមហ៊ុន Royal Group Koh Rong Development Company និង Cambodia Lan Cang Jiang Engineering Co. Ltd. ដែលជាដៃគូវិស្វកម្ម និងអភិវឌ្ឍន៍សម្រាប់ការងារនេះ នៅពេលដែលដំណាក់កាលទី ១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានត្រូវបានព្យាករណ៍ថានឹងអាចផ្ទុកអ្នកដំណើរបានប្រហែល ១៣៨,០០០នាក់ក្នុងមួយឆ្នាំ។

បន្ទាប់ពីដប់ឆ្នាំ ដំណាក់កាលទី ២ ត្រូវបានគេរំពឹងថានឹងបញ្ចប់ ដោយបង្កើនសមត្ថភាពព្រលានយន្តហោះដល់ ២៦៦,០០០នាក់ក្នុងមួយឆ្នាំ។ យោងតាមគម្រោង ព្រលានយន្តហោះនឹងប្រើផ្ទៃដីសរុប ៤,០០០ ម៉ែត្រការ៉េនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន និង ៧,០០០ ម៉ែត្រការ៉េនៅក្នុងដំណាក់កាលទីពីរ៕


ដកស្រង់ពី៖ ខ្មែរថាមស៍