ក្រសួង​វប្បធម៌ ត្រៀម​រៀបចំ​ស្នើ​ដាក់​ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំដា និង​បេតិកភណ្ឌ​ផ្សេងទៀត​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ​

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្រសួងកំពុងរៀបចំត្រៀមស្នើដាក់បញ្ចូលប្រាសាទភ្នំជីសូរ ប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់ក្នុងបញ្ជីបម្រុងសម្រាប់ការបន្តចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។

លោកស្រីបានថ្លែងដូចនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ និង បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងដែលធ្វើឱ្យសន្និបាតឆ្នាំនេះទទួលបាននូវលទ្ធផលគាប់ប្រសើរជាទីពេញចិត្ត។ ក្នុងឱកាសនោះដែរលោកស្រីក៏បានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិទាំង៣ អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងគ្រប់មន្ទីររាជធានី-ខេត្ត ត្រូវបន្តពង្រឹងភារកិច្ចអាទិភាពបន្ទាន់មួយចំនួនផងដែរ។ លោកស្រីបានបញ្ជាក់ថា ៖ «សម្រាប់រមណីយដ្ឋានដែលមានវិសាលភាពធំដូចជា ភ្នំជីសូរ ប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់ក្នុងបញ្ជីបម្រុងសម្រាប់ការបន្តចុះបញ្ជីជាបេតិកភណ្ឌពិភពលោក អង្គភាពពាក់ព័ន្ធត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុត្តកំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឱ្យបានរួសរាន់»។

រដ្ឋមន្ត្រី ក៏បានស្នើឱ្យបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ទាំងឡាយដែលបំផ្លាញ ឬធ្វើឱ្យខូចទ្រង់ទ្រាយដើម ឬដែលមានផលប៉ះពាល់ដោយប្រយោល មកលើបេតិកភណ្ឌ ដែលអាចជាបុរាណដ្ឋាន (ប្រាសាទទួលបុរាណ ត្រពាំងបុរាណ) ឬវត្តអារាម ដែលមានអាយុកាលយូរមកហើយ និងដែលមានតម្លៃពិតប្រាកដត្រូវអភិរក្ស ព្រមទាំងសំណង់បេតិកភណ្ឌក្រុងនានាដែលមាននៅតាមបណ្តារាជធានីខេត្ត។ លោកស្រីថ្លែងថា ៖ «វិធានការផ្ទាល់នៅនឹងទីតាំងបេតិកភណ្ឌ គឺជាមធ្យោបាយចាំបាច់ក្នុងការការពារជាអាទិ៍ ការកំណត់ និយាមការតំបន់ត្រូវការពារ ការបោះបង្គោលព្រំ ការលើកស្លាកសញ្ញាដើម្បីឱ្យសាធារណជនជ្រាប ថាជាបុរាណដ្ឋាន និងការចុះបញ្ជីប្លង់កម្មសិទ្ធិរដ្ឋ គឺសុទ្ធតែជាភារកិច្ចបន្ទាន់ដែលត្រូវអនុវត្ត»។

ឆ្លៀតឱកាសនោះដែរ លោកស្រីក៏រំលេច និងក្រើនរំឭកផងដែរថា លទ្ធផលថយចុះនៃបទល្មើសមកលើសម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងឆ្នាំ២០២៣កន្លងទៅនេះ មិនមែនជាសញ្ញាបញ្ចប់នៃបទល្មើស ឬនឹងមានការបន្តថយចុះដោយស្វ័យប្រវត្តិនោះទេ គឺទាមទារឱ្យមានការចូលរួមបន្តពង្រឹងភារកិច្ចឱ្យបានខ្លាំងក្លាថែមទៀតផងដែរ។

លោកស្រី ភឿង សកុណា បានលើកឡើងដែរថា ទីតាំងប្រវត្តិសាស្ត្រនិងជាទីកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិច ក៏កំពុងទទួលរងនូវផលប៉ះពាល់ផងដែរ។ លោកស្រីថា៖ «គ្រប់មន្ទីរពាក់ព័ន្ធត្រូវបន្តសហការឱ្យបានល្អនិងជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមការពារ ជាពិសេសត្រូវសហការជាមួយសហគមន៍ជនជាតិដើមភាគតិចផ្ទាល់ ជាមួយអាជ្ញាធរដែនដី និងជាមួយវិស័យឯកជន ដើម្បីបង្កើតឱ្យបាននូវមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ដូចករណីជោគជ័យនៅខេត្តរតនគិរីជាដើម»។

ជាមួយគ្នានោះដែរ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ បានលើកឡើងថា យោងតាមសេចក្តីព្រាងបឋមនៃផែនការសកម្មភាពលម្អិតឆ្នាំ ២០២៤-២០២៨ ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ គឺមានសកម្មភាពសរុបប្រមាណចំនួន ៨០១ និងត្រូវការថវិកាប្រចាំឆ្នាំសរុបប្រមាណ ៧៣៣.២៨ ពាន់លានរៀល ស្មើនឹងប្រមាណជាង ១៨៣ លានដុល្លារ។ លោកបានថ្លែងថា ៖ «ក្នុងនោះសកម្មភាពសម្រាប់អនុវត្តជាមួយ ដៃគូមានចំនួន ១២សកម្មភាព, និងសកម្មភាពសម្រាប់ស្វែងរកថវិកាមានចំនួន ៨០សកម្មភាព។

ចំនួនសកម្មភាពដែលគ្រោងសរុបប្រមាណ ៨០១ ខាងលើនេះ គឺនៅមិនទាន់បូកបញ្ចូលសកកម្មភាពក្នុងផ្នែកសេវាគាំទ្រទូទៅនៅឡើយនោះទេ»។ សូមបញ្ជាក់ដែរថា ចំនួនបទល្មើសក្នុងផ្នែកវប្បធម៌រូបីក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៤ ០៤២ ករណី ដោយអាជ្ញាធរជាតិព្រះវិហារបានបន្ថែមតួលេខបទល្មើសចំនួន ៧ករណី សម្រាប់បទល្មើសសំណង់ខុសច្បាប់និងព្រៃឈើ។ ចំនួនបទល្មើសឆាំ្ន២០២៣ មានការថយចុះចំនួន ១ ១៧៤ករណី បើធៀបនឹងឆ្នាំ២០២២ ដោយបទល្មើសសំខាន់ៗ រួមមាន បញ្ហាសំណង់ខុសច្បាប់ និងបទល្មើសព្រៃឈើតាមបុរាណដ្ឋាន៕ 

ដកស្រង់ពី៖ភ្នំពេញប៉ុស្តិ៍