វៀតណាម​ក្លាយ​ជាទី​ផ្សារ​ទេសចរណ៍​ធំ​ជាងគេ​ទីពីរ​របស់​កម្ពុជា

យោងតាមក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា ភ្ញៀវទេសចរវៀតណាមជាង ១ លាននាក់ បានធ្វើដំណើរមកកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលបានក្លាយជាប្រភពទីផ្សារ ទេសចរណ៍ធំជាងគេទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសថៃ។

ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវបរទេសចំនួន ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ ប្រទេសថៃបានឈរនៅលំដាប់កំពូលនៃបញ្ជីភ្ញៀវទេសចរ ដែលមានចំនួន ១,៨ លាននាក់។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយថា ចំនួនពាក់កណ្តាលនៃភ្ញៀវទេសចរបរទេស បានជ្រើសរើសប្រទេសកម្ពុជាបន្ទាប់ពីបានមកទស្សនាប្រទេសថៃ និងវៀតណាម។

កន្លងមក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឯកភាពគ្នា ក្នុងការបង្កើនជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប ក្នុងឱកាសធ្វើជាសហប្រធានវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ដែលធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរទេសចរណ៍តាមផ្លូវគោក ជាពិសេសទេសចរណ៍ បើកបររថយន្តដោយខ្លួនឯង តាមរយៈការសម្រួលដល់ទេសចរណ៍ឆ្លងដែន ទន្ទឹមនឹងការជំរុញឱ្យធុរកិច្ចទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍកញ្ចប់ទេសចរណ៍ រួមមានទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ទេសចរណ៍កីឡា និងទេសចរណ៍ម្ហូបអាហារក្នុងប្រទេស ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមរយៈព្រឹត្តិការណ៍កីឡា ការតាំងពិពណ៌អាហារ និងវេទិកាម្ហូបអាហារ។

ដកស្រង់ពី៖ ខ្មែរថាមស៍