ក្រសួងការងារ បើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការទប់ស្កាត់អគ្គិភ័យក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការរួមគ្នាក្នុងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ សហគ្រាស និងគ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ និងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។

លោក ហេង សួរ បានលើកឡើងពីតម្រូវការនៃកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នរបស់ក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីពិចារណាបន្ថែមលើការផ្តល់សុវត្ថិភាព និងបង្ការអគ្គិភ័យដល់រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលជាទីតាំងអាជីវកម្មបែបប្រមូលផ្តុំ។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុស និងការស្នើឡើងពីតំណាងក្រសួងពាក់ព័ន្ធនីមួយៗ អង្គប្រជុំបានឯកភាពបង្កើតគោលការណ៍ណែនាំរួម ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

លោក ហេង សួរ មានប្រសាសន៍ថា នេះជាការគិតគូររបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះសុវត្ថិភាពកម្មករកាត់ដេរ និងកម្មករក្នុងវិស័យផ្សេងៗផងដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍