កូនដំរីមួយក្បាលត្រូវបានគេប្រទះឃើញងាប់

អ្នកភូមិប្រទះឃើញកូនដំរីងាប់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅកណ្ដាលព្រៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយសង្ស័យថាត្រូវគេបាញ់។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឆៅ ប៊ុនធឿន បានបញ្ជាក់ថា ពិតជាមានករណីមែន ហើយលោកកំពុងរៀបចំធ្វើកោសល្យវិច័យ។

លោកបញ្ជាក់ថា កូនដំរីដែលងាប់នោះមានអាយុប្រហែល៦ខែ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអតីតប្រធានយុទ្ធនាការសូន្យអន្ទាក់ បានសរសេរនៅលើ Facebook ថា «គួរឲ្យសោកស្ដាយណាស់ ដែលកូនដំរីមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ និងត្រូវរបួសដោយគ្រាប់កាំភ្លើងចំឆ្អឹងជំនីរខាងឆ្វេង។ គេមិនទាន់អាចសន្និដ្ឋានបានថា កូនដំរីនេះងាប់ដោយគ្រាប់កាំភ្លើង ឬព្រួញនៅឡើយទេ»។

លោកបានបន្ថែមថា មន្ត្រីនគរបាលជំនាញកំពុងស្វែងរកអាវុធដែលសម្លាប់កូនដំរី។

‌«តាងនាមឲ្យអតីតប្រធានយុទ្ធនាការសូន្យអន្ទាក់ ខ្ញុំចង់អំពាវនាវជាថ្មីម្តងទៀត ឲ្យអ្នករាល់គ្នាឈប់បរបាញ់សត្វព្រៃ។ បច្ចុប្បន្នកម្ពុជាមានដំរីព្រៃចន្លោះពី៤០០ទៅ៦០០ក្បាលរស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។ សូមចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ»។

លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសត្វព្រៃពិភពលោកសម្រាប់ធម្មជាតិ (WWF) ប្រចាំប្រទេសកម្ពុជា បានថ្កោលទោសចំពោះជនល្មើស និងអ្នកសម្លាប់សត្វព្រៃ ហើយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍បទល្មើសសត្វព្រៃ និងបទល្មើសព្រៃឈើជូនមន្ត្រីមានសមត្ថកិច្ច។

លោក សេង ទៀក និយាយថា «សូមចូលរួមកាន់ទុក្ខចំពោះការបាត់បង់សត្វព្រៃដ៏កម្ររបស់យើង និងថ្កោលទោសចំពោះជនល្មើស និងអ្នកសម្លាប់សត្វព្រៃ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋមូលដ្ឋាន រាយការណ៍អំពីបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ ដល់មន្ត្រីមានសមត្ថកិច្ច និងចូលរួមការពារសម្បត្តិធម្មជាតិរបស់ប្រទេសយើង សម្រាប់កូនចៅជំនាន់ក្រោយ»៕

ដកស្រង់ពី៖ ខ្មែរថាមស៍