ក្រុងកំពតឈ្នះពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤

មន្ទីរព័ត៌មានខេត្តកំពត បានឲ្យដឹងថា ក្រុងកំពតរបស់កម្ពុជា ត្រូវបានបន្តជាប់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦។

ពានរង្វាន់នេះត្រូវបានប្រកាសកាលពីថ្ងៃទី២៦ ខែមករា ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី២២ ដល់ ២៧ ខែមករា ក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាពនិងការទទួលខុសត្រូវ- អនាគតអាស៊ានប្រកបដោយនិរន្តរភាព” ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំមកពីប្រទេសជាសមាជិកអាស៊ាន ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងបណ្តាប្រទេសដៃគូ និងអង្គការនានា។

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

យោងតាមអាស៊ានបានឱ្យដឹងថា គោលបំណងនៃស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ACTCS) គឺដើម្បីផ្តល់ឱ្យប្រទេសសមាជិកអាស៊ាននូវឧបករណ៍ដែលនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃទេសចរណ៍នៅក្នុងទីក្រុងរបស់ពួកគេ បង្កើនការប្រកួតប្រជែងទីផ្សាររបស់ពួកគេ ប៉ុន្តែក៏ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ពលរដ្ឋក្នុងស្រុក និងជីវភាពរស់នៅរបស់ពួកគេ តាមរយៈការកាត់បន្ថយភាពក្រីក្រ។

ពានរង្វាន់ទេសចរណ៍អាស៊ាន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ផ្តល់កិត្តិយសដល់តំបន់ និងអង្គភាពនានាជាមួយនឹងផលិតផល និងសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងវេទិកាទេសចរណ៍អាស៊ាន ជាមួយនឹងពានរង្វាន់ស្តង់ដារទេសចរណ៍អាស៊ាន រួមមានពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ពានរង្វាន់ទីតាំង MICE អាស៊ាន និងពានរង្វាន់និរន្តរភាពទេសចរណ៍អាស៊ាន (Gastronomy)៕

ដកស្រង់ពី៖ ខ្មែមថាមស៍