​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​គម្រោង​ជួសជុល​ខឿន​រួត​ទី​៣​ប្រាសាទ​បាយ័ន​

រួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ នៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីជួសជុលនៅដើមឆ្នាំ២០២៣។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យ នៅខឿនជ្រុងនិរតី នៃប្រាសាទបាយ័ន រួមមាន រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគ ប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះ ត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ខឿនជ្រុងខាងត្បូងផ្នែកខាងលិច របស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឬសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ក្រៅពីនេះ ករណីទឹកហូរច្រោះចូល ទៅតាមប្រហោងថ្ម ដោយនាំល្បាយដីខ្សាច់ចេញមកក្រៅ បណ្ដាលឱ្យខឿននេះហែក ក្រៀក មួយចំនួន៕

ដកស្រង់ពី៖ ខ្មែរថាមស៍