ដំបូល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទអង្គរវត្ត​រៀបចំ​ជួសជុល​ឡើងវិញ

 

ដំបូលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត កំពុងដំណើរការរៀបចំជួសជុលឡើងវិញ បន្ទាប់ពីមានសភាពទ្រុឌទ្រោម ដួលរលំថ្ម ដោយសារធម្មជាតិ និងអាយុកាល។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីៗនេះ បានធ្វើពិធីសែនព្រេនតាមបែប ជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ប្រាប់ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណា ធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។

លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួន នៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ពន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀក ចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយ ចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន។

គួរបញ្ជាក់ថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរ តែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង៤របស់ប្រាសាទអង្គរវត្តដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍